រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សាជំនាន់ទី១០ នៃ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ចំនួន ១៩២រូប នៅសណ្ឋាគារ សុខា ភ្នំពេញ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជាបានកំណត់ទិសដៅច្បាស់លាស់អំពី “បច្ចេកវិទ្យាឌីជីថល” ហើយត្រូវបានបញ្ចូលជាអាទិភាពគន្លឹះទី៥ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិដែលត្រូវបានរំលេចឱ្យឃើញ អំពីទស្សនៈជាមូលដ្ឋានគ្រឹះមួយថា បច្ចេកវិទ្យាឌីជីថល មិនមែនជាវិស័យមួយទេវាគឺជាឃ្នាស់សម្រាប់ជំរុញគ្រប់វិស័យ។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា សាកលវិទ្យាល័យលែងជាស្ថាប័នសម្រាប់តែការសិក្សាមួយមុខហើយ ប៉ុន្តែត្រូវបានក្លាយជាទីប្រជុំនៃធនធានមនុស្ស នវានុវត្តន៍ និងសមត្ថភាពឌីជីថល។ សាកលវិទ្យាល័យ មានតួនាទីបណ្ដុះបញ្ញាញាណរបស់ជាតិក្នុងការ (១) រចនាប្រព័ន្ធឌីជីថល (២) យកបញ្ញាសិប្បនិម្មិតទៅប្រើប្រាស់តាមមុខងារផ្សេងៗ និង (៣) ដឹកនាំកាច់ចង្កូតស្ថាប័នក្នុងពិភពលោកដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស។









មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីទាំង ១៩២រូប រួមមាន ១). ត្រូវបន្តអភិវឌ្ឍខ្លួនជាប់ជាប្រចាំ ព្រោះចំណេះដឹងគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ហើយសមត្ថភាពក្នុងការរៀន សម្របខ្លួន និងវិវឌ្ឍខ្លួន នឹងកំណត់អនាគតរបស់និស្សិតជ័យលាភីទាំងអស់ ២). លើកទឹកចិត្តដល់និស្សិតជ័យលាភីទាំងអស់ធ្វើអ្នកចូលរួមសកម្មមិនមែនត្រឹមតែជាអ្នកចូលរួមអកម្មប៉ុណ្ណោះទេលើផ្នែកបច្ចេកវិទ្យា ឬជាអ្នកប្រើប្រាស់បច្ចេកវិទ្យាទេ ប៉ុន្តែត្រូវជួយរិះរកដំណោះស្រាយដែលបង្កើតគុណតម្លៃពិតប្រាកដសម្រាប់សង្គម និង៣). ក្នុងតួនាទីជាអ្នកដឹកនាំ និស្សិតជ័យលាភីទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវភាពសុចរិតទៀងត្រង់ ដោយសារនៅក្នុងពិភពឌីជីថល រូបិយបណ្ណដែលមានតម្លៃជាងគេគឺទំនុកចិត្ត។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់និស្សិតជ័យលាភីទាំងអស់ថា ទោះបីជាទៅដល់ទីណា សូមកុំភ្លេចពីដើមកំណើត ជាតិសាសន៍ គ្រួសារ មនុស្សជាទីស្រឡាញ់ និងជាពិសេសជាតិកម្ពុជារបស់យើង។
#aupp#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia

