ឯកឧត្តមរដ្ឋលេខាធិការ ឯក វណ្ណឌី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ពា​នរង្វាន់ជ័យលាភី នៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភី នៃការប្រកួតប្រជែង​សេរសំបុត្រថ្នាក់ជា​តិ​​លើកទី៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ចូរសរសេរសំបុត្រ​ទៅ​​កាន់​មិត្តភក្តិម្នាក់ពីមូល​ហេតុដែលទំនាក់ទំនងរវាងមនុស្សមានសារៈសំខាន់ចាំបាច់នៅក្នុង​ពិភព​​ឌី​ជីថល- Write a letter to a friend about why human connection matters in a digital world.” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ក.ប.ទ. តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា លោក លោកស្រី តំណាងប្រតិបត្តិករប្រៃសណីយ៍ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សជាច្រើនកុះករ នៅទីស្តីការ ក.ប.ទ.។

នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ ឯក វណ្ណឌី បានកោតសរសើរ វាយតម្លៃខ្ពស់ និងបានលើកទឹកចិត្តដល់ក្មួយ​ៗជ័យលាភីទាំងអស់ ឱ្យខិតខំព្យាយាមរៀនសូត្របន្ថែមទៀត ដើម្បីឱ្យក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ ដែលជាទំពាំងស្នងឬស្សីនាពេលអនាគត។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា វិស័យ​ប្រៃសណីយ៍ មានសក្តានុពលក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ និងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រ​ជា​​​​ជនកម្ពុជា ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលការធ្វើអាជីវកម្ម ទំនាក់ទំនងគ្នារវាងទីក្រុង និងជនបទ​។

ជាមួយគ្នានេះ សំបុត្រដែលបេក្ខជនបានផ្ញើតាមសេវាប្រៃសណីយ៍ ដើម្បីដាក់ចូលរួមប្រកួតប្រជែងមានចំនួនសរុប ២,៦៨៧ សំបុត្រ មក​ពី៤១សាលា និង១៨ រាជធានី-ខេត្ត។ គណៈកម្មការបានធ្វើកំណែវាយតម្លៃដាក់ពិន្ទុយ៉ាងយកចិត្តទុកដាក់លើសំណេ​រ​របស់បេក្ខជនទាំងអស់ ដោយសម្រេ​ចជ្រើសរើសសំណេរ​មាន​ខ្លឹមសារល្អជាងគេ និងសម្ភាសន៍តាមអនឡាញអំពីអត្ថន័យនៃសំបុត្រ និងការយល់ដឹងទូទៅពាក់ព័ន្ធនឹងទំនាក់ទំនងរវាងមនុស្សមានសារៈសំខាន់ចាំបាច់នៅក្នុង​ពិភព​​ឌី​ជីថល របស់បេក្ខជនម្នាក់ៗ។ ជាលទ្ធផល គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនជ័យលាភីចំនួន៣រូប។ សម្រាប់សំណេររបស់បេក្ខជនជ័យលាភីលេខ១ គណៈកម្មការបានជ្រើសរើសជាតំណាងរបស់កម្ពុជា និងបានផ្ញើទៅចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union) ដែលមានការចូលរួមប្រកួតប្រជែងពីបណ្ដាប្រទេសសមាជិកចំនួន១៩២ នៅលើពិភពលោក ហើយលទ្ធផលនៃការប្រកួតនេះ នឹងត្រូវប្រកាសនៅក្នុង ខែតុលា ឆ្នាំ២០២៦ ខាងមុខ។ តាមរយៈការប្រកួតប្រជែងនេះ ឯកឧត្តមរដ្ឋលេខាធិការ មានសង្ឃឹមជឿជាក់ថា សិស្សានុសិស្សទាំងអស់ពិតជាបានទទួលចំណេះដឹង បទពិសោធន៍ល្អៗ ដែលជួយដល់ការបង្កើនសមត្ថភាព ការស្រាវជ្រាវ ការយល់ដឹង ទំនុកចិត្ត និងការសម្រេចជោគជ័យក្នុងការសិក្សា ក៏ដូចជាការប្រកួតប្រជែងដទៃទៀត ទាំងក្នុងប្រទេស និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់កិត្តិយសផ្តល់វិញ្ញាបនបត្រដល់សិស្សជ័យលាភី ព្រមទាំងប្រគល់រង្វាន់លើកទឹកចិត្ត រួមមាន៖

-ជ័យលាភីលេខ១ សិស្សឈ្មោះ ហេង រក្សា ភេទស្រី មកពីអនុវិទ្យាល័យពងទឹក ខេត្តកែប ទទួលបាន មេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កុំព្យូទ័រយួរដៃចំនួន១ កាបូបចំនួន១ និងថវិកា​​ចំនួន៤ លានរៀល

-ជ័យលាភីលេខ២ សិស្សឈ្មោះ ឡូត សំរិទ្ធិការ្យ ភេទស្រី មកពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ភ្នំពេញ ទទួលបាន មេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កុំព្យូទ័រយួរដៃចំនួន១ កាបូបចំនួន១ និងថវិកាចំនួន២ លានរៀល

-ជ័យលាភីលេខ៣ សិស្សឈ្មោះ លី ធីតាវឌ្ឍនា ភេទស្រី មកពីសាលាពន្លឺវិជ្ជាអន្តរជាតិ​ ខេត្តកំពង់​​ចាម​ទទួលបាន មេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កាបូបចំនួន១ និងថវិកាចំនួន ១ លា​នរៀល

-និង ជ័យលាភីលេខ៤ ដល់ លេខ១០ ទទួលបានវិញ្ញាបនបត្រចំនួន១ ប្រាក់លើកទឹកចិត្តចំនួន៥0 ម៉ឺនរៀល តែមប្រិ៍ចំនួន១​ ឈុ​ត និងកាបូបចំនួន១​។

*សូមជម្រាបជូនថា ការប្រកួត​ប្រជែង​សរសេរសំបុត្រថ្នាក់ជាតិនេះ បានផ្តល់ឱកាសដ៏ល្អ​សម្រាប់​សិស្សា​នុសិស្សបញ្ចេញ​ទេពកោសល្យ បង្កើនសមត្ថភាព គំនិតច្នៃប្រឌិត និងទេពកោសល្យយ៉ាងប៉ិនប្រសប់របស់ក្មួយៗលើការសរសេរ ការស្រាវជ្រាវ ការវិភាគបញ្ហា និងដំណោះស្រាយទៅលើបញ្ហា។ នៅក្នុង​​​ពិភព​​ឌី​ជីថល មនុស្សបានផ្សារភ្ជាប់គ្នាទៅដល់ចម្ងាយឆ្ងាយ និងផ្តល់លទ្ធភាពលើការទំនាក់ទំនងគ្នាយ៉ាងសម្បូរបែប។ ប្រធានបទនៅឆ្នាំនេះ ហាក់បានពញ្ញាក់ស្មារតីយើងថា «ទំនាក់ទំនងរវាង​មនុ​ស្សដោយផ្ទាល់​​​នៅតែមានសារៈសំខាន់»​ បើទោះបីជាបច្ចេកវិទ្យាបានចូលមកដល់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង និងយើងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនៃគុណភាពជីវិតរបស់យើងនៅផ្នែកណាមួយក៏ដោយ។ តាមរយៈកម្មវិធីនេះ សិស្សានុសិស្សបានយល់ដឹងនិងប្រើប្រាស់​សេវា​បញ្ញើរបស់ប្រៃស​ណីយ៍ ដែលបច្ចុប្បន្ន កំពុងពង្រីកបណ្តាញរបស់ខ្លួនឱ្យកាន់តែទូលំទូលាយទៅជិតនឹងសហគមន៍។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia