ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញធ្វើបទបាឋកថាស្ដីពី វឌ្ឍនភាពនៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញធ្វើបទបាឋកថាស្ដីពី វឌ្ឍនភាពនៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ជូនថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងនិស្សិត នៃ National University of Management ប្រមាណ ៣៧៥រូប នៅទីស្ដីការ ក.ប.ទ.។

ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការចែករំលែកអំពីវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាននាពេលកន្លងមក លើវិស័យបច្ចេកវិទ្យាឌីជីថល រួមមាន ការរៀបចំគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្ត ការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្ស បញ្ញាសិប្បនិម្មិត ការអភិវឌ្ឍថ្នាលរួម DG SuperApp និងការអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ដ៏ជោគជ័យរហូតត្រូវបានប្រទេសមួយចំនួនក្នុងតំបន់នាំយកទៅប្រើប្រាស់នៅក្នុងប្រទេសខ្លួន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអនុញ្ញាតជូនសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងនិស្សិត ពិភាក្សានិងលើកឡើងជាសំណួរពាព័ន្ធនឹងការងាររបស់ក្រសួងសំដៅចូលរួមចំណែកក្នុងការកសាងសង្គមជាតិឱ្យរីកចម្រើនបន្ថែមទៀត។

សូមជម្រាបជូនថា បទបាឋកថានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងចែករំលែកអំពីវឌ្ឍនភាពការងាររបស់ ក.ប.ទ. ដែលជាសកម្មភាពការងារគាំទ្រការអនុវត្តយុទ្ធសាស្រ្ត គោលនយោបាយ កម្មវិធីនយោបាយ ជាពិសេសយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

#dgsuperapp#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia