ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងអ្នកជំនាញ ដែលមានគុណវុឌ្ឍិផ្នែកបញ្ញាសិប្បនិម្មិត

រាជធានីភ្នំពេញ៖ ល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម​ ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ ដែលមានគុណវុឌ្ឍិផ្នែកបញ្ញាសិប្បនិម្មិត (AI) ប្រមាណ ៧៥រូប នៅទីស្ដីការ ក.ប.ទ.។

ថ្លែងក្នុងជំនួប ឯកឧត្តមរដ្ឋមន្រ្តី បានគូសរំលេចអំពី វឌ្ឍនភាពនិងសមិទ្ធផលលើការងារបញ្ញាសិប្បនិម្មិត (AI) ដែលក្រសួងសម្រេចបាននាពេលកន្លងមក រួមមាន ការរៀបចំតាក់តែងគោលនយោបាយនិងលិខិតបទដ្ឋាន យន្តការអភិបាលកិច្ច ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការប្រមូលទិន្នន័យ ការអភិវឌ្ឍម៉ូឌែលភាសាទូលាយ (Large Language Model) និងការអភិវឌ្ឍថ្នាលដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាដើម។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ការណែនាំឱ្យមានការគិតគូរលើការរៀបចំតាក់តែងផែនការមេ និងផែនសកម្មភាពរយៈពេលមធ្យម ក្នុងការអភិវឌ្ឍថ្នាល ការធ្វើអភិបាលកិច្ច និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីជំរុញការអភិវឌ្ឍនិងទាញយកផលប្រយោជន៍ ពីការវិវឌ្ឍយ៉ាងលឿននៃបច្ចេកវិទ្យានេះ។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia