ប្រទេសអូទ្រីស៖ ឯកឧត្តម ជាង សុភ័ក្រ អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងធនធានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមជាសមាជិកសង្កេតការណ៍នៃកិច្ចប្រជុំពេញអង្គលើកទី៦៩ នៃគណៈកម្មាធិការស្ដីពីការប្រើប្រាស់អវកាសដោយសន្តិភាព (Committee on Peaceful Uses of Outer Space “COPUOS”) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងវីយែន នៃប្រទេសអូទ្រីស។
គណៈកម្មាធិការស្តីពីការប្រើប្រាស់អវកាសដោយសន្តិវិធី (COPUOS) ត្រូវបានបង្កើតឡើងដោយមហាសន្និបាតក្នុងឆ្នាំ១៩៥៩ ដើម្បីគ្រប់គ្រងការរុករក និងការប្រើប្រាស់លំហអាកាសសម្រាប់ផលប្រយោជន៍របស់មនុស្សជាតិ ក្នុងគោលបំណងសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ ដែលបច្ចុប្បន្នមាន ១១០ រដ្ឋសមាជិក។ គណៈកម្មាធិការនេះមានភារកិច្ចពិនិត្យលើកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រើប្រាស់អវកាសដោយសន្តិភាព សិក្សាពីសកម្មភាពទាក់ទងនឹងលំហអាកាសដែលអាចអនុវត្តបានដោយអង្គការសហប្រជាជាតិ លើកទឹកចិត្តកម្មវិធីស្រាវជ្រាវលំហអាកាស និងសិក្សាពីបញ្ហាផ្លូវច្បាប់ដែលកើតចេញពីការរុករកនៅអវកាស។






ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ឯកឧត្តមប្រធានគណៈប្រតិភូ បានធ្វើសេចក្តីថ្លែងការណ៍ ដោយបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់កម្ពុជាក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសេវាឌីជីថល ក្រោមការដឹកនាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងបានគូសរំលេចថា វិស័យលំអាកាសជាឱកាស និងជាដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍជាតិ។ លើសពីនេះ ឯកឧត្តមអគ្គនាយក ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការប្រើប្រាស់លំហអាកាសដោយសន្តិភាព និងបានសម្តែងការគាំទ្រចំពោះរបៀបវារៈរបស់ COPUOS ក្នុងការពង្រឹងសមត្ថភាពដល់ប្រទេសកំពុងអភិវឌ្ឍន៍វិស័យលំហអាកាស។
នៅក្រៅកិច្ចប្រជុំពេញអង្គ គណៈប្រតិភូ ក.ប.ទ. បានជួបប្រជុំទ្វេភាគីជាបន្តបន្ទាប់ជាមួយ៖
(១). UNOOSA៖ បានផ្លាស់ប្តូរព័ត៌មានថ្មីៗអំពីវឌ្ឍនភាពនៃការអភិវឌ្ឍលំហអាកាសនៅកម្ពុជា និងស្វែងយល់ពីការណែនាំផ្នែកបច្ចេកទេស និងច្បាប់លើកម្មវិធីអភិវឌ្ឍន៍លំហអាកាសជាតិ សន្ធិសញ្ញាអវកាសអន្តរជាតិ និងនីតិវិធីសម្រាប់ចូលរួមក្នុងកម្មវិធីកម្មសិក្សា (Internship) របស់ UNOOSA។
(២). ឥណ្ឌា (ISRO)៖ បានចែករំលែកបទពិសោធលើកម្មវិធីអភិវឌ្ឍន៍លំហអាកាស ផែនការបាញ់បង្ហោះផ្កាយរណប និងពិភាក្សាពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស។
(៣). ឥណ្ឌូនេស៊ី៖ បានផ្លាស់ប្តូរបទពិសោធលើកម្មវិធីផ្កាយរណប និងការអភិវឌ្ឍឧស្សាហកម្មលំហអាកាស ក៏ដូចជាបានពិភាក្សាអំពីអត្ថប្រយោជន៍នៃការផ្តល់សច្ចាប័នលើសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ។
លើសពីនេះ គណៈប្រតិភូ ក.ប.ទ. បានពិភាក្សាក្រៅផ្លូវការជាមួយគណៈប្រតិភូមកពីប្រទេសឧស្សាហកម្ម និងប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាជាមួយភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនានា ដើម្បីផ្លាស់ប្តូរបទពិសោធ និងស្វែងយល់ពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតលើកម្មវិធីអភិវឌ្ឍន៍លំអាកាស។
#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia

