ឯកឧត្តមរដ្ឋលេខាធិការ ជុន វ៉ាត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកួតប្រជែងថ្នាក់ជាតិ «កម្មវិធីតិចណូវេសិនកម្ពុជា និងអនាគតអ្នកមានទេពកោសល្យឌីជីថល ឆ្នាំ២០២៦»

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកួតប្រជែងថ្នាក់ជាតិ «កម្មវិធីតិចណូវេសិនកម្ពុជា និងអនាគតអ្នកមានទេពកោសល្យឌីជីថល ឆ្នាំ២០២៦» (Technovation Girls x Future Digital Talents 2026)។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ដោយមានការឧបត្ថម្ភគាំទ្រពីមូលនិធិ ស.អ. និងរៀបចំដោយក្រុមហ៊ុន Tech For Kids Academy ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ដៃគូអភិវឌ្ឍន៍ គ្រូបង្វឹក អាណាព្យាបាល និងសិស្សានុសិស្សសរុបប្រមាណ ៣៥០ នាក់ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។

«កម្មវិធី Technovation Girls x Future Digital Talents 2026» គឺជាកម្មវិធីបណ្តុះបណ្តាល និងប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាឌីជីថលនិងសហគ្រិនភាព ដែលបង្កើតឡើងសម្រាប់សិស្សានុសិស្សចាប់ពីកម្រិតបឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យនៅទូទាំងប្រទេស ដែលមានអាយុចន្លោះពី ៨ ទៅ ១៨ ឆ្នាំ។ តាមរយៈវគ្គបណ្ដុះបណ្ដាលរយៈពេល ១២សប្តាហ៍ កម្មវិធីនេះបានផ្តល់នូវចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថលថ្មីៗ វិធីសាស្ត្រដោះស្រាយបញ្ហា ជំនាញសហការជាក្រុម ការធ្វើបទបង្ហាញជាសាធារណៈ ព្រមទាំងការបណ្ដុះគំនិតច្នៃប្រឌិត និងសហគ្រិនភាព។ បន្ថែមពីនេះ កម្មវិធីនេះបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍមូលធនមនុស្សឌីជីថលនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល។

សូមបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីក្នុងឆ្នាំ២០២៦នេះ ទទួលបានលទ្ធផលយ៉ាងគួរឱ្យកត់សម្គាល់ ដោយមានសិស្សានុសិស្សចុះឈ្មោះចូលរួមសរុបចំនួន ៦៦៥ នាក់ (សិស្សស្រី ៤៣០ នាក់ និងសិស្សប្រុស ២៣៥ នាក់) មកពី ២០ រាជធានី-ខេត្ត។ ជាមួយគ្នានេះ មានគម្រោងចំនួន ៦២ ត្រូវបានដាក់ស្នើ ដែលក្នុងនោះមានគម្រោងរបស់សិស្សស្រីចំនួន ៥០ និងសិស្សប្រុសចំនួន ១២។ ជាលទ្ធផល សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្រិតពិភពលោក (Global Semi-Finalists) មាន ៣ ក្រុមបានជាប់ការជ្រើសរើស (រួមមានកម្រិត Beginner ១ក្រុម, កម្រិត Junior ១ក្រុម និងកម្រិត Senior ១ក្រុម) ខណៈដែលការប្រកួតប្រជែងថ្នាក់ជាតិ (National Pitching Event) មានក្រុមចូលរួមប្រកួតចំនួន ១៥ ក្រុម (សិស្សស្រី ១២ នាក់ និងសិស្សប្រុស ៣ នាក់) ដែលត្រូវបានបែងចែកជាកម្រិត Beginner ៤ក្រុម កម្រិត Junior ៥ក្រុម និងកម្រិត Senior ៦ក្រុម។

ជាលទ្ធផលស្ថាពរនៃការប្រកួតប្រជែងថ្នាក់ជាតិដ៏ស្វិតស្វាញនេះ ក្រុមជ័យលាភីទាំង ៤ ត្រូវបានប្រកាសជាផ្លូវការ រួមមាន៖

· ក្រុម Dexterity៖ ទទួលបានជ័យលាភីជើងឯកថ្នាក់ជាតិ កម្រិតវិទ្យាល័យ

· ក្រុម Kesararam With Digital៖ ទទួលបានជ័យលាភីជើងឯកថ្នាក់ជាតិ កម្រិតអនុវិទ្យាល័យ

· ក្រុម Logic_Loopers៖ ទទួលបានជ័យលាភីជើងឯកថ្នាក់ជាតិ កម្រិតបឋមសិក្សា

· ក្រុម Impact Nexus៖ ទទួលបានជ័យលាភីជើងឯកថ្នាក់ជាតិ ពានរង្វាន់ប្រជាប្រិយភាព

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia