ឯកឧត្តម ខាយ ឃុនហេង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “ជំរុញការចូលរួមរបស់និស្សិត ដើម្បីបញ្ចប់ការចម្លងមេរោគអេដស៍ និងចៀសឆ្ងាយពីគ្រឿងញៀន”

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “ជំរុញការចូលរួមរបស់និស្សិត ដើម្បីបញ្ចប់ការចម្លងមេរោគអេដស៍ និងចៀសឆ្ងាយពីគ្រឿងញៀន” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្រ្តចារ្យ ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្រ្តាចារ្យ និងនិស្សិតនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សរុបប្រមាណ ៣៥០នាក់។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនកម្លាំងរួមក្នុងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពនៃកម្មវិធីអេដស៍ និងបញ្ជ្រាបចំណេះដឹងអំពីបញ្ហាប្រឈមនិងហានិភ័យនៃមេរោគអេដស៍ ជំងឺអេដស៍ ព្រមទាំងរួមគ្នាបដិសេធគ្រឿងញៀន ដើម្បីសុខភាព អនាគតភ្លឺស្វាង និងសង្គមគ្មានគ្រឿងញៀន។

នៅក្នុងសិក្ខាសាលានេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់និស្សិតឱ្យប្រកាន់ខ្ជាប់នូវឥរិយាបទល្អ ចេះការពារខ្លួនពីការឆ្លងមេរោគអេដស៍ បញ្ឈប់ការរើសអើងនិងចេះលើកទឹកចិត្តអ្នកផ្ទុកមេរោគអេដស៍ឱ្យមានក្តីសង្ឃឹមក្នុងជីវិត។ ឯកឧត្តមក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់កុំឱ្យសាកល្បងប្រើគ្រឿងញៀនសូម្បីតែមួយដង ដោយសារតែការចង់ដឹង ចង់សាក ឬតាមការអូសទាញរបស់មិត្តភក្តិ ព្រោះគ្មានគ្រឿងញៀនណាធ្វើឱ្យមនុស្សវៃឆ្លាតឬមានក្តីសុខនោះទេ។

ជាមួយគ្នានេះដែរ ឯកឧត្តម បានលើកទឹកចិត្តដល់និស្សិតដែលជាបញ្ញាវ័ន ជាកម្លាំងបន្តវេនឱ្យចូលរួមចែករំលែកបន្តដល់មិត្តភក្តិ ក្រុមគ្រួសារ សាច់ញាតិ និងសហគមន៍ នូវចំណេះដឹងដែលទទួលបានក្នុងសិក្ខាសាលានេះ ដើម្បីរួមគ្នាកសាងសង្គមមួយមានសុខភាពល្អ “គ្មានមេរោគអេដស៍ និងគ្មានគ្រឿងញៀន”។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia