ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនប្រមាណ ១៧១៤នាក់ នៅខេត្តតាកែវ

នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រធានកិត្តិយសសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនមកពីស្រុកទ្រាំង និងក្រុងដូនកែវ ខេត្តតាកែវ ដោយមានការចូលរួមពីអតីតយុទ្ធជន និងនិវត្តជនសរុបប្រមាណ ១៧១៤នាក់ នៅសាលាក្រុងដូនកែវ ខេត្តតាកែវ។

ថ្លែងក្នុងពិធីនេះ​ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងអស់ដែលបានចូលរួមនាថ្ងៃនេះ។

ជាកិច្ចបន្ត ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសមាជិកគ្រួសារអតីតយុទ្ធជន និងនិវត្តជនទាំងអស់ ដោយផ្ដល់ជូនផ្ទះនិងដីសម្រាប់ធ្វើកសិកម្ម ឬប្រកបអាជីវកម្មផ្សេងៗដើម្បីចិញ្ចឹមជីវិត ព្រមទាំងបានផ្ដល់ជូនប្រាក់ឧបត្ថម្ភផ្សេងៗរួមមានសម្រាប់ឱកាសបុណ្យភ្ជុំបិណ្យនេះដើម្បីលើកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យបានសមរម្យ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានផ្ដល់ជូនបណ្ណបេឡាជាតិសន្តិសុខសង្គម ឬហៅថា ប.ស.ស. ដើម្បីផ្ដល់ជូនការពិនិត្យនិងថែទាំសុខភាពដោយឥតគិតថ្លៃសម្រាប់សមាជិកគ្រួសារអតីតយុទ្ធជន និងនិវត្តជនទាំងអស់ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គពិធីអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសេដ្ឋកិច្ច និងកសាងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗ រួមមាន ផ្លូវ ស្ពាន មន្ទីពេទ្យ និងសាលារៀនជាដើម ជាពិសេសតាមរយៈ ក.ប.ទ. ដែលបានបន្តរៀបចំសេវាទូរសព្ទ និងអ៉ីនធឺណិតឱ្យកាន់តែមានគុណភាពជាងមុនហើយ ក.ប.ទ. ក៏បានសាងសង់សាលាបឋមសិក្សាគោលដៅចំនួន ៦១ទីតាំងនៅកម្រិតបឋមសិក្សា និងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅកម្រិតវិទ្យាល័យចំនួន ២១ទីតាំង ដើម្បីពង្រឹងវិស័យអប់រំផ្សារភ្ជាប់ទៅនឹងបច្ចេកវិទ្យាឌីជីថលផងដែរ។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវឱ្យលោកយាយ លោកតា អ៊ុំ ពូ មីង បន្តដាស់តឿនក្មេងៗជំនាន់ក្រោយ និងចែករំលែកបទពិសោធល្អៗ ដើម្បីក្មេងៗជំនាន់ក្រោយអាចបន្តចូលរួមអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបានលើកទឹកចិត្តឱ្យលោកយាយ លោកតា អ៊ុំ ពូ មីង ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះក្នុងការថែទាំសុខភាពឱ្យបានល្អ។

#takeo#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia