ឯកឧត្តម កែវ សុទ្ធិ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីការប្រកួតប្រជែងសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង

ត្តសៀមរាប៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភី និងបិទការប្រកួតប្រជែងសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង (Lancang-Mekong Regional Cybersecurity Competition) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា នៅសណ្ឋាគារព្រីនអង្គរ ខេត្តសៀមរាប។

ការប្រកួតប្រជែងសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមាននិស្សិតចូលរួមសរុប ៤០រូប បែងចែកជា ១០ក្រុម មកពីសាកលវិទ្យាល័យនៃបណ្ដាប្រទេសជាសមាជិកនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីចូលរួមប្រកួតក្នុងវិញ្ញាសា Capture the Flag (CTF)។

ជាលទ្ធផល ក្រុមជ័យលាភីទាំង ៣ បានទទួលពានរង្វាន់ និងប្រាក់រង្វាន់តាមចំណាត់ថ្នាក់ ដូចខាងក្រោម៖

🥇 ជ័យលាភីចំណាត់ថ្នាក់លេខ១៖ ក្រុម WillHack4Coffee មកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃប្រទេសកម្ពុជា ទទួលបានពានរង្វាន់លេខ១ និងទឹកប្រាក់ចំនួន ៦,០០០,០០០រៀល។

🥈 ជ័យលាភីចំណាត់ថ្នាក់លេខ២៖ ក្រុម ISITDTU1 មកពីសាកលវិទ្យាល័យ Duy Tan University នៃប្រទេសវៀតណាម ទទួលបានពានរង្វាន់លេខ២ និងទឹកប្រាក់ចំនួន ៤,០០០,០០០រៀល។

🥉 ជ័យលាភីចំណាត់ថ្នាក់លេខ៣៖ ក្រុម ITEsec មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៃប្រទេសកម្ពុជា ទទួលបានពានរង្វាន់លេខ៣ និងទឹកប្រាក់ចំនួន ២,០០០,០០០រៀល។

ការប្រកួតប្រជែងនេះ មានគោលបំណងជំរុញការផ្លាស់ប្តូរចំណេះដឹង ពង្រឹងសមត្ថភាព និងផ្តល់ឱកាសដល់យុវជនក្នុងការភ្ជាប់ចំណេះដឹងទៅនឹងការអនុវត្តជាក់ស្តែងក្នុងវិស័យសន្តិសុខសាយប័រ។ បន្ថែមពីនេះ ការប្រកួតនេះក៏បានលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខសាយប័ររវាងកម្ពុជា និងបណ្ដាប្រទេសមេគង្គ-ឡានឆាង ព្រមទាំងបានកសាងបណ្ដាញទំនាក់ទំនង និងការយល់ដឹងរវាងយុវជនក្នុងតំបន់ផងដែរ។

#LancangMekong#Cybersecurity#CTF#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia