សិក្ខាសាលាស្តីពី​ "ការផ្លាស់​ប្តូរ​ទៅកាន់​យុគ្គសម័យឌីជីថល ​ជាមួយនឹង​បច្ចេកវិទ្យា ​Internet of Things​, Artificial Intelligence,​ Big Data,​ និង​ Cloud Computing"​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ០៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី "ការផ្លាស់ប្តូរទៅកាន់យុគ្គសម័យឌីជីថលជាមួយនឹងបច្ចេកវិទ្យា Internet of Things (IoT), Artificial Intelligence (AI), Big Data, និង Cloud Computing" នៅសណ្ឋាគារ Raffles Le Royal ។

ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 

សិក្ខាសាលានេះផ្តួចផ្តើមរៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ហៅកាត់ថានិបទីក (NIPTICT) សហការជាមួយក្រុមហ៊ុន Kepstar Data Centre Management មានការគាំទ្រដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន Fourtitude.asia, ក្រុមហ៊ុនតែអៀកហុង និង Smart Axiata ដោយមានការចូលរួមពីមន្ត្រីរាជការមកពីបណ្តាក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល តំណាងធនាគារ មីក្រូហិរញ្ញវត្ថុ ប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មី អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ ដៃគូអភិវឌ្ឍន៍ និងនិស្សិតសរុបប្រមាណ ២០០នាក់ ព្រមទាំងមានវាគ្មិនចំនួន ១៥រូប ធ្វើបទបង្ហាញទាក់ទងនឹង IoT, AI, Big Data, និង Cloud Computing រួមទាំងការពិភាក្សាទៅលើប្រធានបទ "កម្ពុជាឆ្ពោះទៅឧស្សាហកម្មជំនាន់៤.០"។

្របគ្នាទៅនឹងការរីកចម្រើនដ៏ឆាប់រហ័សក្នុងវិស័យ ICT នាពេលបច្ចុប្បន្ន និងទៅអនាគត ជាពិសេសគឺបច្ចេកវិទ្យា IoT, AI, Big Data, និង Cloud Computing បានក្លាយជាចលករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងសង្គម ព្រមទាំងបានដើរតួនាទីមិនអាចខ្វះបានក្នុងការសម្រេចចិត្តនៅក្នុងវិស័យធុរកិច្ច។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់វាគ្មិនសំខាន់ៗមកពីរដ្ឋាភិបាល វិស័យឯកជន និងឧស្សាហកម្មពាក់ព័ន្ធនឹងវិស័យ ICT ដើម្បីធ្វើបទបង្ហាញចែករំលែកចំណេះដឹង បទពិសោធន៍ និងភាពជោគជ័យនៅក្នុងការងាររបស់ពួកគេតាមរយៈការទាញយកអត្ថប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ។ ជាពិសេសសិក្ខាសាលានេះនឹងបង្កើតបានជាវេទិកាជជែកពិភាក្សា ចែករំលែកបទពិសោធន៍រវាងវាគ្មិន និងអ្នកជំនាញលើវិស័យ ICT ដើម្បីប្រមូលនូវធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពអភិវឌ្ឍន៍វិស័យ ICT នៅកម្ពុជា។

មានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ដើម្បីសម្រេចឲ្យបាន នូវអនាគតប្រទេសកម្ពុជាក្នុងបំលាស់ប្ដូរទៅកាន់យុគ្គសម័យឌីជីថលមានចំណុចអាទិភាពចំនួន០៤ ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កំពុងផ្ដោតជាសំខាន់នោះគឺ (១).រដ្ឋាភិបាលឌីជីថលនិងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (២).សេដ្ឋកិច្ចឌីជីថល (៣).ការវិនិយោគលើវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (FDI) និង (៤).ការអភិវឌ្ឍធនធានមនុស្សឆ្ពោះទៅកាន់ឌីជីថល។ ការរំលងនូវនីតិវិធី និងបច្ចេកវិទ្យាចាស់ៗ (Leapfrog) ដោយដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ គឺដើម្បីបំព្រួញពេលវេលាក្នុងការធ្វើបំលាស់ប្តូរទៅកាន់ឌីជីថលនេះ ជាពិសេសសារៈសំខាន់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ វិស័យឯកជន និងអ្នកពាក់ព័ន្ធក្នុងផ្នែកឧស្សាហកម្ម ICT។

ឯកឧត្តម សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានមានប្រសាសន៍ថា សិក្ខាសាលានេះមានសារៈសំខាន់យ៉ាងខ្លាំងដល់ការជួយជំរុញកម្ពុជាឆ្ពោះទៅកាន់ឧស្សាហកម្មជំនាន់ទី៤ តាមរយៈការពិភាក្សានិងចែករំលែកបទពិសោធន៍ពីអ្នកជំនាញជាតិនិងអន្តរជាតិ  ដើម្បីឈានទៅបង្កើតនូវបរិស្ថានអំណោយផលមួយ សម្រាប់ការបំលាស់ប្តូរទៅកាន់ឌីជីថលនៅកម្ពុជា ដែលនឹងជះឥទ្ធិពលជាវិជ្ជមានដល់វិស័យសេដ្ឋកិច្ច និងសង្គមតាមរយៈការនាំមកនូវគម្រូអាជីវកម្មដែលមានលក្ខណៈនវានុវត្តន៍ ការបង្កើនលទ្ធភាពប្រកួតប្រជែង និងការបង្កើតការងារកាន់តែច្រើនដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ៕


 

អត្ថបទជាប់ទាក់ទង