កិច្ចព្រមព្រៀងសហហិរញ្ញប្បទានផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើមកម្ពុជាដើម្បីសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិត ផ្នែកទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ICT
នៅទីស្ដីការក្រសួង៖ ព្រឹកថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(NIPTICT) បានចុះហត្ថលេខាជាមួយស្ថានទូតបារាំងប្រចាំនៅកម្ពុជាលើកិច្ចព្រមព្រៀងសហហិរញ្ញប្បទានផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើមកម្ពុជាដើម្បីសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិត ផ្នែកទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ICT នៅសកលវិទ្យាល័យប្រទេសបារាំង មានការអញ្ជើញចូលរួមជាសាក្ខីភាពដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។
កិច្ចព្រមព្រៀងសហហិរញ្ញប្បទានថ្មីនេះផ្តល់នូវគុណប្រយោជន៍សំខាន់បីយ៉ាងគឺ៖ ១.ផ្តល់បន្ថែមនូវចំនួនអាហារូបករណ៍ដល់និស្សិតឆ្នើមកម្ពុជាផ្នែកបច្ចេកវិទ្យា ២.គាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធនធានមនុស្សតាមរយះការលើកកម្ពស់ STEM (Science, Technology, Engineering, and Mathematics) ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យបានលឿនរហ័សស្របតាមនិន្នាការអភិវឌ្ឍរបស់ប្រទេសក្នុងតំបន់ និង ៣.អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងបារាំងនិងកម្ពុជាលើវិស័យអប់រំនិងឧត្តមសិក្សា។ សូមបញ្ជាក់ថាកិច្ចព្រមព្រៀងនេះត្រូវបានប្រើប្រាស់ថវិការមួយផ្នែកពីរដ្ឋាភិបាលបារាំង និងមួយផ្នែកទៀតពីមូលនិធិការកសាងសមត្ថភាពការស្រាវជ្រាវ និងអភិវឌ្ឍន៍ (មូលនិធិ CBRD) វិស័យទូរគមនាគមន៍ និង ICT របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕