ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងមន្ត្រីរាជការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមជ្ឈមណ្ឌល ប្រធានការិយាល័យ និងអនុប្រធានការិយាល័យនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា និងលោក លោកស្រីជាមន្រ្តីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ យ៉ាងច្រើនកុះករផងដែរ។
មានមតិសំណេះសំណាលក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានមានប្រសាសន៍កោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការទាំងអស់ និងអបអរសាទរចំពោះបេក្ខជនដែលត្រូវប្រកាសតែងតាំង។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានផ្ដល់ជាអនុសាសន៍ដល់មន្ត្រីរាជការដែលបានប្រកាសតែងតាំងថ្មីនាពេលនេះ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើភារកិច្ចការងារប្រចាំថ្ងៃដែលប្រគល់ឱ្យបានល្អ និងត្រូវធ្វើការដោយមានកិច្ចសហការជាមួយថ្នាក់ដឹកនាំតាមឋានានុក្រមដើម្បីបង្កើននូវទំនាក់ទំនងល្អ ការសិក្សារៀនសូត្រ ដកស្រង់បង្កើនបទពិសោធន៍ និងចំណេះដឹងវិជ្ជាជីវៈថ្មីៗបន្ថែមទៀត។ ម្យ៉ាងទៀត ក៏ត្រូវមានទំនាក់ទំនងល្អជាមួយមន្ត្រីថ្នាក់ក្រោម ដោយដើរតួរជាអ្នកដឹកនាំ សម្របសម្រួលការងារ និងធ្វើខ្លួនឱ្យបានជាគម្រូល្អដល់មន្ត្រីថ្នាក់ក្រោមដោយស្មារតីទទួលខុសត្រូវ។ ជារួមមន្ត្រីរាជការទាំងអស់គ្រប់លំដាប់ថ្នាក់ត្រូវគោរពទៅតាមអភិក្រមទាំង០៥ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងត្រូវគោរពទៅតាមក្រឹត្យក្រមនៃច្បាប់ និងត្រូវមានឥរិយាបឋបំពេញការងារដូចជា ឆន្ទៈម្ចាស់ការ ភក្តីភាពចំពោះការងារ និងមនសិការវិជ្ជាជីវៈ៕