ប្រតិភូកម្ពុជាចូលរួមទស្សនកិច្ចសិក្សា “ស្តីពីការលើកកំពស់សេវាកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពតាមប្រព័ន្ធអុីនធឺណិត"

តបតាមការអញ្ជើញរបស់ក្រុមហ៊ុន Metfone Cambodia ឯកឧត្តម ជុន វ៉ាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួង ប.ទ. អញ្ជើញចូលរួមទស្សនកិច្ចសិក្សា “ស្តីពីការលើកកំពស់សេវាកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពតាមប្រព័ន្ធអុីនធឺណិត" នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ទស្សនកិច្ចសិក្សានេះ មានគោលបំណងធ្វើការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង និងស្វែងយល់អំពីការវិវឌ្ឍន៍នៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ដែលឧស្សាហកម្មទូរគមនាគមន៍កំពុងប្រើប្រាស់ និងវិវត្តន៍ខ្លួនឱ្យស្របទៅតាមយុគ្គសម័យនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។ ក្រុមហ៊ុន Viettel Group បានអញ្ជើញប្រតិភូក្រសួងប.ទ. ធ្វើទស្សនកិច្ចសិក្សាទៅកាន់មជ្ឈមណ្ឌលប្រតិបត្តិការបណ្តាញសកលក្រុមហ៊ុន Viettel (Viettel Global Network Operation Center) មជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន របស់ក្រុមហ៊ុន Viettel (Viettel Security Operation Center) និងមជ្ឈមណ្ឌលប្រតិបត្តិការវៃឆ្លាតរបស់ក្រុមហ៊ុន Viettel (Viettel Intelligent Operation Center) និងបានចែករំលែកបទពិសោធន៍អំពីគម្រោងស្រាវជ្រាវអភិវឌ្ឍន៍បច្ចេកវិទ្យាផ្ទាល់របស់ក្រុមហ៊ុន ដូចជាបច្ចេកវិទ្យាគ្រប់គ្រងបណ្តាញ​ទូរគមនាគមន៍ បច្ចេកវិទ្យាគ្រប់គ្រងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បច្ចេកវិទ្យាសំរាប់រដ្ឋាភិបាលអេឡិកត្រូនិក បច្ចេកវិទ្យាសំរាប់ទីក្រុងវៃឆ្លាត ព្រមទាំងបានចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមនៃការអភិវឌ្ឍរដ្ឋាភិបាលអេឡិកត្រូនិក។  

ក្នុងអំឡុងពេលនោះដែរ ប្រតិភូក្រសួងប.ទ.ក៏បានជួបពិភាក្សាការងារជាមួយប្រធានអភិវឌ្ឍបច្ចេកវិទ្យាសំរាប់ធុរៈកិច្ចនៃក្រុមហ៊ុន Viettel Group និងលោកអគ្គនាយករងនៃក្រុមហ៊ុន Metfone Cambodia ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍលើបច្ចេកវិទ្យាគ្រប់គ្រងបណ្តាញ​ទូរគមនាគមន៍ បច្ចេកវិទ្យាគ្រប់គ្រងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បច្ចេកវិទ្យាអេឡិកត្រូនិក និងបច្ចេកវិទ្យាសំរាប់ទីក្រុងវៃឆ្លាត។ល។ ប្រធានអភិវឌ្ឍបច្ចេកវិទ្យាសំរាប់ធុរៈកិច្ចនៃក្រុមហ៊ុន Viettel Group បានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការ និងស្វាគមន៍សំណូមពរនានារបស់កម្ពុជាក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅកម្ពុជា៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”