សន្និសីទព័ត៌មានស្តីពីការធ្វើតេស្តដោយជោគជ័យនៃបច្ចេកវិទ្យា 5G
រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមជាអធិបតីក្នុងសន្និសីទព័ត៌មានស្តីអំពីភាពជោគជ័យក្នុងការធ្វើតេស្តបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនសែលកាត។ ពិធីនេះ មានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួង ប.ទ. ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
ក្នុងពិធីនេះ មានការធ្វើបទបង្ហាញអំពីចក្ខុវិស័យរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដើម្បីឆ្ពោះទៅសេដ្ឋកិច្ចឌីជីថល និងលទ្ធផលនៃការធ្វើតេស្ត 5G ប្រកបដោយជោគជ័យ ដែលត្រូវបានធ្វើឡើងនៅទីក្រុងសិនជិន ប្រទេសចិន ដែលអ៊ីនធឺណិតមានល្បឿនលឿនរហូតដល់ 1.5GB ក្នុងមួយវិនាទី។
ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានអបអរសាទរចំពោះការធ្វើតេស្តដោយជោគជ័យនូវបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Cellcard ដែលបានបោះជំហានទី១ ចូលទៅក្នុងប្រព័ន្ធ 5G ដែលជាប្រព័ន្ធថ្មី និងវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យធ្វើបទបង្ហាញដោយក្រុមហ៊ុន ដែលនឹងផ្ដល់ជម្រើស និងការផ្លាស់ប្តូរនូវសក្ដានុពលជូនប្រជាជន និងសេដ្ឋកិច្ចប្រទេសកម្ពុជានាថ្ងៃអនាគត។ បច្ចេកវិទ្យា 5G នឹងអនុញ្ញាតឲ្យប្រទេសកម្ពុជា និងបដិវត្តន៍ឧស្សាហកម្ម បន្តលូតលាស់មួយកំរិតទៀត៕