ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឱ្យលោកជំទាវ Tina Redshaw ចូលជូបសម្ដែងការគួរសម និងពិភាក្សាកាងារ នៅទីស្ដីការក្រសួង

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍  បានអនុញ្ញាតឱ្យលោកស្រី Tina Redshaw ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលតំណែងថ្មី ចូលជួបសម្ដែងការគួរសម និងពិភាក្សាកាងារនៅទីស្ដីការក្រសួង។ ក្នុងជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានបង្ហាញគោលជំហរក្នុងការគាំទ្រ លោក Malcom Johnson ជាបេក្ខភាពសម្រាប់ចូលរួមការបោះឆ្នោតជាអគ្គលេខាធិការរងរបស់ ITU ក្នុងឱកាសសន្និសីទពេញអង្គរបស់ ITU ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងឌូបៃ សហភាពអារ៉ាប់អេមីរ៉េត ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។ 

ឯកឧត្ដមរដ្ឋមន្ត្រីក៏បានជំរាបជូនភ្ញៀវអំពីការវិវត្តនៃវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT នៅកម្ពុជា ពិសេសការរៀបចំនូវគោលនយោបាយកំណែទម្រង់ក្នុងការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT នៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងស្របតាមស្ថានភាពវិវត្តជាក់ស្តែង និងឆាប់រហ័សនៃបច្ចេកវិទ្យា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសំណូមពរដល់លោកជំទាវឯកអគ្គរាជទូតក្នុងការផ្តល់កិច្ចសហការទៅលើផ្នែកបណ្តុះបណ្តាលដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានជាតិ NIPTICT ដើម្បីបង្កើនធនធានមនុស្សឱ្យចេះជំនាញបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងជំនាញទូរគមនាគមន៍ អោយកាន់តែច្រើនឡើង ស្របតាមយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។

លោកជំទាវឯកអគ្គរាជទូត បានស្វាគមន៍ចំពោះសំណូមពរនេះនឹងសិក្សាលើលទ្ធភាពក្នុងការផ្តល់ដោយផ្ទាល់នូវអ្នកជំនាញ ដើម្បីជួយការបណ្តុះបណ្តាលលើវិស័យ ICT និងការអភិវឌ្ឍកម្មវិធីសិក្សាទៅដល់វិទ្យាស្ថានជាតិ NIPTICT ៕

ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

លោកស្រី Tina Redshaw ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា


 

អត្ថបទជាប់ទាក់ទង