ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ដឹកនាំប្រតិភូក្រសួងអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៨ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួង ប.ទ.អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៨ (18th TELMIN) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងUbud ខេត្តបាលី ប្រទេសឥណ្ឌូនេស៊ី។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៨នេះ នឹងរៀបចំប្រព្រឹត្តទៅក្រោមប្រធានបទ “ការតម្រង់ឆ្ពោះទៅអនាគតនៃប្រព័ន្ធអេកូឌីជីថលសម្រាប់វិបុលភាពនៃសហគមន៍អាស៊ាន – Aiming the Future of Digital Ecosystem for the ASEAN Prosperity” ដែលជាវេទិកាសម្រាប់ធ្វើការពិភាក្សាគ្នាជាមួយបណ្តាប្រទេសជាសមាជិក ប្រទេសជាដៃគូ និងស្ថាប័នអន្តរជាតិដទៃទៀត ក្នុងការតាមដានការងារ រៀបចំផែនការសកម្មភាព និងកិច្ចសហការគ្នាលើគោលនយោបាយ បទដ្ឋានគតិយុត្ត និងការអនុវត្តគម្រោងនានាក្នុងក្របខ័ណ្ឌជាតិ និងតំបន់ ដើម្បីដឹកនាំសហគមន៍អាស៊ានទៅជាសហគមន៍មួយនៃសេដ្ឋកិច្ចឌីជីថល តាមចក្ខុវិស័យនៃផែនការមេវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ាន ឆ្នាំ២០២០ (AIM2020)៕