សន្និសីទថ្នាក់តំបន់លើកទី២ ស្តីអំពីកិច្ចការស្រាវជ្រាវដំណើរការភាសាជាតិ ក្នុងប្រព័ន្ធកុំព្យូទ័រសម្រាប់ភាសាអាស៊ាន
ព្រឹកថ្ងៃព្រហស្បតិ៍ ០៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបើក “សន្និសីទថ្នាក់តំបន់លើកទី២ ស្តីអំពីកិច្ចការស្រាវជ្រាវដំណើរការភាសាជាតិក្នុងកុំព្យូទ័រសម្រាប់ភាសាអាស៊ាន”។ សន្និសីទថ្នាក់តំបន់នេះផ្ដួចផ្ដើមរៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) មានរយៈពេល២ថ្ងៃគិតចាប់ពីថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៨ ដែលមានអ្នកស្រាវជ្រាវ បណ្ឌិត សាស្ត្រាចារ្យមកពីបណ្ដាប្រទេសចំនួន៥ចូលរួម (បារាំង ជប៉ុន វៀតណាម ភូមា និងកម្ពុជា)។ សន្និសីទនេះក៏មានការចូលរួមពីសំណាក់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និង និស្សិតមកពីវិទ្យាស្ថានជាតិ NIPTICT សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានបើកទូលាយ ផងដែរ។
សន្និសីទថ្នាក់តំបន់នេះរៀបចំឡើងក្នុងគោលបំណងសំខាន់រួមគឺ (១).បង្កើនការស្រាវជ្រាវទៅលើភាសាក្នុងតំបន់អាស៊ានដែលជួយដល់ប្រជាជនទទួលបានព័ត៌មានកាន់តែច្រើន និងធ្វើឱ្យការទំនាក់ទំនងកាន់តែប្រសើរជាផ្នែកមួយជួយជំរុញសេដ្ឋកិច្ចតំបន់ឱ្យកាន់តែរីកចំរើន។ (២). បង្កើនបណ្ដាញអ្នកស្រាវជ្រាវផ្នែកភាសាដោយភ្ជាប់ទំនាក់ទំនងរវាងអ្នកស្រាវជ្រាវកម្ពុជាជាមួយអ្នកស្រាវជ្រាវថ្នាក់តំបន់ និងអន្តរជាតិផងដែរ៕