ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញចែកសញ្ញាបត្រថ្នាក់បរិញ្ញាបត្រដល់និស្សិតជំនាន់ទី១ របស់វិទ្យាស្ថានជាតិ (និបទិក-NIPTICT)
ឯកឧត្តម សេង សុភាព ប្រធានវិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានចូលរួមអបអរសាទរដល់និស្សិត ជ័យលាភីទាំងអស់ ដែលបានជោគជ័យក្នុងការសិក្សា និងទទួលបានសញ្ញាបត្របរិញ្ញាបត្រនៅពេលនេះ។ ឯកឧត្ដមបានកោតសរសើរចំពោះការខិតខំព្យាយាមក្នុងការសិក្សារបស់ក្មួយៗ និងការផ្តល់ ទំនុកទុកចិត្តទៅលើកម្មវិធីសិក្សា និងការបណ្តុះបណ្តាលរបស់វិទ្យាស្ថាន ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបតែបង្កើតថ្មី។ លើសពីនេះទៅទៀត ឯកឧត្ដមបានសម្ដែងនូវមោទនភាពបន្ទាប់ពីបានដឹងថានិស្សិត ៩៩% របស់វិទ្យាស្ថានជាតិនិបទិក ដែលបញ្ចប់ការសិក្សាទទួលបានការងារធ្វើ ហើយក្រៅពីនេះបានបន្ត ការសិក្សានៅក្រៅប្រទេស ពោលគឺពុំមាននិស្សិតណាម្នាក់មិនមានការងារធ្វើឡើយ។ ជាពិសេសនិស្សិតមួយចំនួនរបស់វិទ្យាស្ថាន បាននឹងកំពុងធ្វើការនៅក្រុមហ៊ុនធំៗជាច្រើនដូចជា ក្រុមហ៊ុនស្មាតអាហ្សាតា ក្រុមហ៊ុនមិតហ្វូន ក្រុមហ៊ុនហ៊ួវៃ ក្រុមហ៊ុន SEATEL ក្រុមហ៊ុន EZECOM ព្រមទាំងក្រុមហ៊ុនធំៗជាតិនិងអន្តរជាតិមួយចំនួនទៀត។
ឯកឧត្ដមរដ្ឋមន្ត្រីបានរំលឹកថា វិទ្យាស្ថានជាតិនិបទិកបានដើរតួនាទីជាសេនាធិការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពុំត្រឹមតែមានភារកិច្ចក្នុងការបណ្ដុះបណ្ដាលដល់សិស្សនិស្សិតប៉ុណ្ណោះទេ ថែមទាំងផ្ដល់ការបណ្ដុះបណ្ដាលជំនាញទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ហើយជាងនេះទៅទៀត វិទ្យាស្ថានជាតិនិបទិកក៏ជាសេនាធិការបស់ក្រសួងដើម្បីចូលរួមអនុវត្តគោលនយោបាយសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាផងដែរ។
មុននឹងបញ្ចប់ ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនទាំងឡាយដែលបានជួយជាអាហារូបករណ៍ សម្ភារៈ មន្ទីរពិសោធន៍ និងទទួលយកនិស្សិតវិទ្យាស្ថានជាតិនិបទិកចុះកម្មសិក្សា និងបានសហការយ៉ាងល្អ។ ឯកឧត្ដមក៏បានថ្លែងអំណរគុណដល់ស្ថានទូតបារាំង ស្ថានទូតឥណ្ឌា និងដៃគូអភិវឌ្ឍន៍ ដែលបានធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយវិទ្យាស្ថានជាតិនិបទិក ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ផ្នែកបច្ចេកទេសនៅកម្ពុជា ដែលនេះជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត និង សូមលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការនេះកាន់តែខ្លាំងក្លាថែមទៀត៕