ប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញចូលរួមពិព័រណ៍ទូរគមនាគមន៍ឥណ្ឌា២០១៩ ព្រមទាំងទស្សនកិច្ចសិក្សានៅ ”ភូមិឌីជីថល” និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ទូរគមនាគមន៍ នៅសាធារណរដ្ឋឥណ្ឌា
ប្រទេសឥណ្ឌា៖ ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទៅបំពេញបេសកកម្មនៅសាធារណរដ្ឋឥណ្ឌា រយ:ពេល៣ថ្ងៃ ពីថ្ងៃ១១ ដល់ថ្ងៃ១៣ ខែកុម្ភ: ឆ្នាំ២០១៩។ នៅក្នុងបេសកកម្មនោះ ប្រតិភូកម្ពុជាបានចូលរួម ពិព័រណ៍ទូរគមនាគមន៍ឥណ្ឌា២០១៩ (India Telecom 2019) និងទស្សនកិច្ចសិក្សា”ភូមិឌីជីថល” និងរោងចក្រផលិតឧបករណ៍ទូរគមនាគមន៍ផងដែរ។
គូសបញ្ជាក់ផងដែរថា ពិព័រណ៍ទូរគមនាគមន៍២០១៩ រៀបចំដោយក្រុមប្រឹក្សានាំចេញសេវា និងឧបករណ៍ទូរគមនាគមន៍ (TEPC) របស់ឥណ្ឌា ដោយមានក្រុមហ៊ុនចូលរួម ១៤៨ក្រុមហ៊ុន តំណាងក្រសួងស្ថាប័ន និងក្រុមហ៊ុនមកពី ៣៧ប្រទេស ហើយមានអ្នកចូលរួមប្រមាណ ១០០០នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានឡើងថ្លែងសុន្ទរកថាជម្រាបជូនអ្នកចូលរួមអំពីចក្ខុវិស័យរបស់កម្ពុជាលើវិស័យទូរគមនាគមន៍ និង ICT ក៏ដូចជាបរិស្ថានអំណោយផលនៃការវិនិយោគ ដោយសារមាននូវមូលដ្ឋាននៃសន្តិភាព ស្ថិរភាព និងគោលនយោបាយគាំទ្រដ៏ល្អប្រសើររបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការទាក់ទាញការវិនិយោគ និងតម្រូវការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ក្នុងវិស័យទូរគមនាគមន៍ និងICT។
នៅក្នុងបេសកកម្មនោះ ប្រតិភូកម្ពុជា បានជួបពិភាក្សាការងារជាមួយក្រសួងគមនាគមន៍ឥណ្ឌា និងក្រុមហ៊ុនTCIL ទស្សនកិច្ចដើម្បីស្វែងយល់ពីភូមិឌីជីថលនៅស្រុកMewat ហើយបានទស្សនកិច្ចសិក្សា មជ្ឈមណ្ឌលអភិវឌ្ឍន៍ទូរគមនាគមន៍ (C-DOT) ដើម្បីស្វែងយល់ផលិតផលទូរគមន៍ថ្មីៗដែលស្រាវជ្រាវ និងដាក់អនុវត្តដោយ C-DOT៕