ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស”
រាជធានីភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ០២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកជំទាវ ឈរ ណារី ត្រាំ អុីតឹក បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស” ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី ព្រមទាំង ឯកឧត្ដម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការ និយោជិតនារីទាំងអស់ ក្រោមឱវាទក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា ទូរគមនាគមន៍កម្ពុជា ប្រៃសណីយ៍កម្ពុជា តំណាងក្រុមហ៊ុនទូរស័ព្ទចល័ត និងក្រុមហ៊ុនបម្រើសេវាប្រៃសណីយ៍ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់ផងដែរ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានមតិស្វាគមន៍ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ លោកជំទាវ ឯកឧត្តម លោកស្រី លោក ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់អង្គភាពក្រោមឱវាទក្រសួងទាំងអស់ ចំពោះការខិតខំប្រឹងប្រែង បំពេញការងារ បានល្អប្រសើរ និងសូមឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលជា បុរសបន្តការគាំទ្រ និងជំរុញ ការបង្កើនសមត្ថភាពរបស់ មន្រ្តីរាជការ និង និយោជិតជាស្រ្តី ក្នុងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឱ្យទទួលបានតួនាទីធ្វើសេចក្តីសម្រេច ព្រមទាំងមានសិទ្ធិក្នុងការចូលរួមគ្រប់ភារៈកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ និងសូមឱ្យស្ត្រីខិតខំបង្កើនសមត្ថភាព ខ្លួនឯងទាំងផ្នែកបច្ចេកទេស និងភាសា ដើម្បីទទួលបាន វគ្គបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស ។ ឯកឧត្ដមរដ្ឋមន្ត្រី បន្តទៀតថា “ប្រធានបទនេះ គឺជាសារមួយដ៏សំខាន់ដែលឆ្លុះបញ្ចាំងឱ្យឃើញពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាននឹងកំពុងជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស និងស្រ្តី ដើម្បីជម្រុញលើកទឹកចិត្ត ស្ត្រីដែលជាសហគ្រិនភាព ជាវិស្វករ និងស្ត្រីដែលបានប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការលើកកម្ពស់ សហគមន៍ ឲ្យចូលរួមយ៉ាងសកម្មក្នុងការចាប់យកវិស័យបច្ចេកវិទ្យាជាទុន ដើម្បីពង្រឹងភាពអង់អាចផ្នែក សេដ្ឋកិច្ចដល់ស្ត្រីគ្រប់រូប ក៏ដូចជាដល់គ្រួសារ និងសង្គមជាតិ ស្របពេលដែលបច្ចេកវិទ្យាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ក្នុងឆ្នាំនេះ ក្រសួងបានឧបត្តម្ភជូន៖ មន្ត្រីក្របខណ្ឌជាស្ត្រីចំនួន ២៣៩នាក់ , មន្ត្រីកិច្ចសន្យាចំនួន៣៣នាក់ និងតំណាងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ចំនួន២៤នាក់ ក្នុងម្នាក់ៗទទួលបាន ផាមួង ១ក្បិន និងថវិកាចំនួន ១០ម៉ឺនរៀល៕