ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ០១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ និយោជិក ព្រមទាំងវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន តំណាងប្រតិបត្តិករ និងភ្ញៀវកិត្តិយសជាច្រើនកុះករផងដែរ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានមតិស្វាគមន៍ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ អង្គភាព និងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត ព្រមទាំងមន្ត្រីរាជការ និយោជិកទាំងអស់របស់ក្រសួង ដែលបានខិតខំរួមគ្នាក្នុងការបំពេញភារកិច្ចជួយឲ្យក្រសួងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ដើម្បីបុព្វហេតុជាតិ និងប្រជាជនដ៏ឧត្តុង្គឧត្តមរបស់យើង។ ហើយអង្គសន្និបាតនៅពេលនេះ គឺជាវេទិកាដើម្បីពិគ្រោះពិភាក្សាគ្នា វាយតម្លៃត្រួតពិនិត្យឡើងវិញគ្រប់លទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០១៨កន្លងទៅ និងរិះរកគ្រប់វិធានការដើម្បីដោះស្រាយ កំណត់បាននូវគោលដៅជាយុទ្ធសាស្ត្រសំខាន់ៗ ធានាដល់កិច្ចអភិវឌ្ឍន៍វិស័យទាំងបី នាឆ្នាំ២០១៩ និងបណ្តាឆ្នាំខាងមុខទៀត។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តទៀតថា យើងត្រូវមានគោលដៅការងារមួយចំនួនដើម្បីធ្វើការរៀបចំឲ្យក្លាយទៅជាសកម្មភាពការងារជាក់ស្តែងសម្រាប់បន្តអនុវត្ត ដើម្បីបន្តអភិវឌ្ឍន៍ការតភ្ជាប់ផ្នែកឌីជីថលតាមរយៈការពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័នបណ្តាញខ្សែកាប្លិ៍អុបទិកមេ និងបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទចល័ត ប្រកបដោយគុណភាព មានលក្ខណៈទំនើបទាន់សម័យ មានតម្លៃប្រកួតប្រជែង និងមានសេវាគ្របដណ្តប់ទូទាំងប្រទេស។
ឯកឧត្ដមរដ្ឋមន្ត្រីសង្ឈឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាមន្រ្តីរាជការរបស់ក្រសួង និងភាគីពាក់ព័ន្ធទាំងអស់ នៅតែជួយគាំទ្រ និងធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធបន្តទៀតជាមួយក្រសួងដើម្បីឲ្យក្រសួងអាចឈានទៅសម្រេចបានជោគជ័យនូវផែនការសកម្មភាពការងារឆ្នាំ២០១៩ និងបណ្តាឆ្នាំខាងមុខទៀតក្នុងការអភិវឌ្ឍវិស័យទាំងបី រួមចំណែកអនុវត្តន៍កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ និងភាពគ្រប់ជ្រុងជ្រោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ មុននឹងបញ្ចប់ ឯកឧត្ដមរដ្ឋមន្ត្រី បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តការងារនាពេលកន្លងមកផងដែរ៕