ឯកឧត្តមរដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុន

ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អនុញ្ញាតឲ្យគណៈប្រតិភូជប៉ុន ដឹកនាំដោយលោក យ៉ូអ៊ីឈិ ម៉ាអេដាក (Yoichi MAEDA) ប្រធាននាយកប្រតិបត្តិ និងជាអនុប្រធានគណៈកម្មាធិការបច្ចេកវិទ្យាទូរគមនាគមន៍ជប៉ុន(Telecommunication Technology Committee – TTC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាវេលាម៉ោង ៣ រសៀល ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥។
លោក អ៊ីឈិ ម៉ាអេដាក មានប្រសាសន៍ជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា គោលបំណងដែលលោកស្នើសុំដឹកនាំគណៈប្រតិភូមកជួបឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះ គឺដើម្បីសម្តែងការគួរសមមុនពេលដែលរូបលោក និង គណៈប្រតិភូ ចូលរួមជាកិត្តិយសក្នុងវេទិកាកម្ពុជាជប៉ុន ស្តីពីបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន(ICT)ឆ្នាំ២០១៥ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥ រយៈពេលពេញមួយថ្ងៃនៅសណ្ឋាកាំបូឌីយ៉ាណា, និងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យ ICT។
ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក អ៊ីឈិ ម៉ាអេដាក និងគណៈប្រតិភូ ព្រមទាំងមានប្រសាសន៍ថា ឯកឧត្តមស្វាគមន៍ចំពោះការរៀបចំវេទិកាកម្ពុជាជប៉ុន ស្តីពីបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន(ICT)ឆ្នាំ២០១៥ និងសូមលើកទឹកចិត្តឲ្យភ្នាក់ងាររដ្ឋ និងឯកជនរបស់ជប៉ុនបន្តចូលរួមចំណែកឲ្យកាន់តែសកម្មខ្លាំងឡើងថែមទៀត ដើម្បីអភិវឌ្ឍវិស័យ ICT នៅកម្ពុជាឲ្យកាន់តែរីកចម្រើនឡើងជាលំដាប់៕       
 

អត្ថបទជាប់ទាក់ទង