ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ សារ៉ាក់ ខាន់ អញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបលើកទី៤១ អបអរសាទរថ្ងៃជ័យជម្នះ ៧មករា នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នៅស្រុកកំពង់លែង ឯកឧត្តម សារ៉ាក់ ខាន់ រដ្ឋលេខាធិការប្រចាំការនិងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់លែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបលើកទី៤១ អបអរសាទរថ្ងៃជ័យជម្នះ ៧មករា (៧មករា ១៩៧៩ – ៧មករា ២០២០) នៅឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីរាជការ កងកំលាំងស្រុក-ឃុំ-ភូមិ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួន ១៦១១អង្គនាក់ (ស្រី៩១៣នាក់)។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ សារ៉ាក់ ខាន់ បានអានសុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកថា ថ្ងៃនេះ ជាថ្ងៃគម្រប់ខួបទី៤១ នៃទិវាជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍របស់បន ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាលនៃរបបដ៏សាហាវយង់ឃ្នងបំផុតនេះបានទាន់ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុតនៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ យើងពិតជាចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារនៃការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបន្តថា ក្រោយបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង រដ្ឋាភិបាលបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលបានផ្តល់ឱកាសពេញលេញដល់កម្ពុជាក្នុងការស្តារ កសាង និងអភិវឌ្ឍន៍អោយរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។ ក្រោមម្លប់សន្តិភាព សេដ្ឋកិច្ចកម្ពុជាកាន់តែរីកលូតលាស់ ដែលក្នុងនោះ គឺទំហំពាណិជ្ជកម្ម និងទំហំវិនិយោគពីបរទេសកាន់តែកើនច្រើនឡើង ធ្វើអោយកម្ពុជាអាចរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង៧.១%។ នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៦ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តក្នុងការដឹកនាំនាវាកម្ពុជាអោយសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ជាពិសេសកិច្ចការពារ ថែរក្សាសន្តិភាពអោយបានគង់វង្ស និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗដើម្បីបំពេញតម្រូវការនៃការរស់នៅរបស់ប្រជាជន ការយកចិត្តទុកដាក់ចំពោះជនងាយរងគ្រោះដោយប្រការផ្សេងៗ និងធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង។ លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ពីខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ ដែលបានគាំទ្រដល់សារនយោបាយរបស់សម្តេច គឺ “ អរគុណសន្តិភាព “ ដែលសម្តេចយល់ឃើញថា មានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ។ មនុស្សទាំងអស់គ្នា ត្រូវការសន្តិភាព លើកលែងតែពួកភេរវករប៉ុណ្ណោះ ដែលចង់បំផ្លាញសន្តិភាព។ អរគុណសន្តិភាព បានក្លាយទៅជាពាក្យស្លោករបស់ប្រជាជនដែលស្រឡាញ់សន្តិភាព៕