ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីដំណើរការសាកល្បងប្រព័ន្ធ 5G របស់ក្រុមហ៊ុនសែលកាត (Cellcard)
រាជធានីភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ០៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅការិយាល័យកណ្តាលក្រុមហ៊ុន សែលកាត (Cellcard) ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីដំណើរការសាកល្បងប្រព័ន្ធ 5G របស់ក្រុមហ៊ុន Cellcard។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងនិយោជិក ក្រុមហ៊ុន សែលកាត ជាច្រើនផងដែរ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយដំណើរវិវត្តន៍នៃគម្រោងបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនសែលកាត(Cellcard) ក្នុងការជួយគាំទ្រដល់គំនិតផ្តួចផ្តើមនៃគម្រោងសេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា” ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា 5G នឹងក្លាយជាបច្ចេកវិទ្យាឈានមុខគេក្នុងការជួយជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជា ហើយទន្ទឹមនឹងនោះយើងក៏ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីចាប់យករាល់អត្ថប្រយោជន៍របស់វា និងធានាថាបច្ចេកវិទ្យានេះពិតជាជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាជួយលើកស្ទួយដល់វិស័យឧស្សាហកម្មក្នុងស្រុកនិងជីវភាពរបស់ប្រជាពលរដ្ឋយើងផងដែរ”។ លើសពីនេះទៅទៀត យើងចង់ឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅលេចធ្លោផ្នែកបច្ចេកវិទ្យា 5G នៅក្នុងតំបន់អាស៊ាន និងសម្រាប់ក្រុមហ៊ុនទាំងអស់ ដែលមានបំណងចង់ក្លាយជាអ្នកឈានមុខគេក្នុងការប្រើប្រាស់បច្ចេកវិទ្យាដ៏អស្ចារ្យមួយនេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូ បានអញ្ជើញទស្សនាបទបង្ហាញដោយផ្ទាល់នូវការធ្វើតេស្តបច្ចេកវិទ្យា 5G នៅក្រុមហ៊ុនសែលកាត ដោយលទ្ធផលធ្វើតេស្តបានបង្ហាញនូវកម្រិតល្បឿនអុីនធឺណិតដ៏លឿនអស្ចារ្យ រហូតដល់ទៅ 1.6 Gbps ។ ការធ្វើតេស្តបង្ហាញជូននេះ បានបង្ហាញឱ្យឃើញច្បាស់នូវការត្រៀមលក្ខណៈរួចរាល់ទៅលើផ្នែកបច្ចេកទេស និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់ក្រុមហ៊ុន សែលកាត ក្នុងការនាំយកបច្ចេកវិទ្យាថ្មីនេះមកបម្រើជូនអតិថិជននៅក្នុងឆ្នាំ ២០២០៕