ឯកឧត្តម អេ សុភា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការរៀបចំនីតិវិធី ការវាស់ស្ទង់កម្រិតអក្ខរកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន របស់មន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ០៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម អេ សុភា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការរៀបចំនីតិវិធី ការវាស់ស្ទង់កម្រិតអក្ខរកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន របស់មន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អង្គភាពក្រោមឱវាទក្រសួង អង្គភាពជំនាញ ព្រមទាំងតំណាងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត ជាច្រើនកុះករ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីនីតិវិធី ការវាស់ស្ទង់កម្រិតអក្ខរកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន តាមការធ្វើជំរឿនអនឡាញរបស់ក្រសួង ដែលបានរៀបចំដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ជំរឿននេះផ្តោតទៅលើទិន្នន័យសំខាន់ៗ ដូចជា ចំណេះដឹងលើការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា អត្រាអ្នកមានសម្ភារៈបច្ចេកទេសប្រើប្រាស់ ប្រភេទសម្ភារៈបច្ចេកទេសដែលកំពុងប្រើប្រាស់ អត្រាប្រើប្រាស់អុីនធឺណិត ការយល់ដឹងពីសន្តិសុខព័ត៌មានវិទ្យា។ល។
ចេញពីលទ្ធផលដែលប្រមូលបានតាមរយ:ជំរឿនអនឡាញលើអក្ខរកម្មឌីជីថលនេះ គេនឹងអាចស្វែងយល់បានពីកម្រិតអក្ខរកម្មឌីជីថល របស់មន្ត្រីរាជការទាំងអស់ក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, រៀបចំមូលដ្ឋានសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សផ្ទៃក្នុងរបស់ក្រសួង អោយចំទិសដៅ និងសមស្របតាមតម្រូវការជាក់ស្តែង និងរៀបចំគោលនយោបាយឌីជីថលប្រកបដោយប្រសិទ្ធភាព។
ការបណ្តុះបណ្តាលមន្ត្រីរាជការអោយមាននូវចំណេះដឹងនិងអក្ខរកម្មឌីជីថល គឺជាកត្តាគន្លឹះចំបងមួយ ក្នុងការរួមចំណែកដល់ការរៀបចំរដ្ឋាភិបាលឌីជីថលនៅពេលខាងមុខ៕