កិច្ចប្រជុំក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២១-២០២៣ និងគម្រោងថវិកាឆ្នាំ២០២១ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម សារ៉ាក់ ខាន់ រដ្ឋលេខាធិការប្រចាំការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២១-២០២៣ និងគម្រោងថវិកាឆ្នាំ២០២១ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី ជាមន្ត្រីជំនាញរបស់ក្រសួង និងគ្រប់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត។

គោលបំណងជាយុទ្ធសាស្ត្ររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ឆ្នាំ២០២១-២០២៣ គឺដើម្បីបន្តអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងសកម្មភាពជាអាទិភាព រួមមាន៖ ជំរុញការប្រើប្រាស់ទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យទូរគមនាគមន៍ (DMC) សម្រាប់ជាមូលដ្ឋានក្នុងការប្រមូលចំណូល, រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព សម្រាប់អភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល, រៀបចំឯកសារគតិយុត្តជាមូលដ្ឋាន សម្រាប់គាំទ្រការគ្រប់គ្រងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន, ការកសាងសមត្ថភាពមន្ត្រី, ការរៀបចំ Application សម្រាប់ការផ្តល់សេវាសាធារណៈ Online និងដំណើរការច្រកចេញចូលតែមួយ, គ្រប់គ្រង និងប្រមូលចំណូលពីវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត តាមរយៈដកហូតអាជ្ញាបណ្ណហ្វ្រេកង់ស៍ទំនេរដែលមិនបានប្រើប្រាស់ ព្រមទាំងដាក់ឱ្យដេញថ្លៃហ្វ្រេកង់ស៍ទំនេរ និងមានតម្រូវការ, ពង្រឹងការអនុវត្តច្បាប់ស្តីពីទូរគមនាគមន៍ឱ្យបានពេញលេញ និងពន្លឿនបញ្ចប់បទប្បញ្ញត្តិគាំទ្រ, ពង្រឹងការទប់ស្កាត់ការប្រកួតប្រជែងមិនស្មោះត្រង់ក្នុងវិស័យទូរគមនាគមន៍, ធ្វើវិសោធនកម្មច្បាប់ស្តីពីវិស័យប្រៃសណីយ៍ និងពន្លឿនបញ្ចប់បទប្បញ្ញត្តិគាំទ្រ, ជំរុញការកែប្រែគោលនយោបាយជាតិអុីនធឺណិតល្បឿនលឿន និងជំរុញការៀបចំគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ២០២៤៕

-រូបថត និងអត្ថបទដោយ ពត សែមតារារដ្ឋ
-បកប្រែទៅជាភាសាអង់គ្លេសដោយ ថន សុធារិន

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”