ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញចូលរួមពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បីអនាគត ឆ្នាំ២០២០” តាមរយៈសន្និសីទវីដេអូ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បីអនាគត ឆ្នាំ២០២០” តាមរយៈសន្និសីទវីដេអូ ដែលបានរៀបចំឡើងដោយក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងក្រសួងអប់រំ យុវជននិងកីឡា នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា តំណាងសាកលវិទ្យាល័យ និងនិស្សិត ជាច្រើនរូបទៀត។ កម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុន Huawei ក្នុងឆ្នាំ 2008 ដែលជាគម្រោងវិនិយោគរយៈពេលវែង និងធំបំផុតជាលក្ខណៈសកលរបស់ក្រុមហ៊ុន ក្នុងគោលបំណងចូលរួមចំណែកដល់ការអភិវឌ្ឍទេពកោសល្យផ្នែកបច្ចេកវិទ្យា លើកកម្ពស់ការផ្ទេរចំណេះដឹង និងបណ្តុះចំណាប់អារម្មណ៍របស់ទេពកោសល្យវ័យក្មេងចំពោះបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT)។

ថ្លែងក្នុងពិធីបិទនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថលបានក្លាយជាផ្នែកមួយនៃការរស់នៅប្រចាំថ្ងៃរបស់ពួកយើង ហើយទោះជាមានការព្រួយបារម្ភពីការរាតត្បាតនៃជំងឺកូវីដ-១៩ នៅទូទាំងសកលលោក ក៏យើងនៅតែអាចបន្តសកម្មភាពការងារបានដោយប្រើបច្ចេកវិទ្យាជាជំនួយ។ ជាក់ស្ដែងការចូលរួមកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” របស់និស្សិតទាំង ៣០ រូបឆ្នាំនេះ ភាគច្រើនរៀបចំតាមអនឡាញ ប៉ុន្តែនិស្សិតនៅអាចទទួលបានចំណេះដឹងល្អៗដូចជាអ៊ីនធឺណិតនៃវត្ថុ (IoT), បច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G), បច្ចេកវិទ្យាពពក(Cloud computing) និងសន្តិសុខអ៊ីនធឺណិត(cyber security) ជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ដើម្បីចូលរួមចំណែកក្នុងវិស័យអប់រំ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រសួងអប់រំ យុវជននិងកីឡា ដើម្បីបង្កើតកម្មវិធីសិក្សាពីចម្ងាយ (e-learning) នៅលើទូរសព្ទដៃ ដែលអាចផ្តល់លទ្ធភាពឱ្យសិស្សអាចរៀនតាមអ៊ីនធឺណិតដោយប្រើឧបករណ៍ចល័តរបស់ពួកគេ។ ក្រសួងកំពុងជំរុញការតភ្ជាប់អ៊ីនធឺណិតដល់សាលារៀនរដ្ឋទាំងអស់ និងបង្កើតបណ្ណាល័យអេឡិចត្រូនិច (e-library) ដោយផ្តល់នូវឯកសារសិក្សាស្រាវជ្រាវសំបូរបែបទជាភាសាខ្មែរ និងអង់គ្លេស។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យនិស្សិតប្រើប្រាស់ចំណេះដឹង និងមេរៀនដែលទទួល ដើម្បីច្នៃប្រឌិតបង្កើតជាផលិតផល ឬសេវាកម្មបច្ចេកវិទ្យា ដែលជាផ្នែកមួយនៃបេសកម្មរបស់ក្រសួងក្នុងការគាំទ្រធុរកិច្ចថ្មីឌីជីថល។ ប្រសិនបើនិស្សិតមានតម្រូវការ ក្រសួងអាចផ្តល់ការគាំទ្រនិងឱកាសចុះកម្មសិក្សា នៅទីស្ដីការក្រសួង ឬតាមរយៈវិទ្យាស្ថាន NIPTICT ផងដែរ៕

-ថតរូបដោយ បូ ពន្លកបញ្ញា
-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”