ឯកឧត្តម ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈប្រព័ន្ធអនឡាញ(Zoom) ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពីលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក លោកស្រី ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍គ្រប់ខេត្ត មន្រ្តីជំនាញពាក់ព័ន្ធ ព្រមទាំងសិស្សានុសិស្សនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ប្រមាណ ២៦០នាក់។
សិក្ខាសាលាផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណង បញ្រ្ជាបការយល់ដឹងបន្ថែម អំពីយុទ្ធសាស្រ្តជាតិសំខាន់ៗ របស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដល់មន្ត្រីក្រោមឱវាទដែលត្រូវចូលរួមអនុវត្តកិច្ចការនេះផ្ទាល់ ដើម្បីប្រែក្លាយយុទ្ធសាស្ត្រទៅជាការអនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព សំដៅធានានិរន្តរភាពនៃធុរកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩ នេះ។