ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធសន្និសីទវីដេអូ។
ក្នុងជំនួបនោះដែរ លោកជំទាវឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ក្នុងឱកាសទើបតែត្រូវបានបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតថ្មី លោកជំទាវ ចង់សិក្សាស្វែងយល់បន្ថែមនូវលទ្ធភាពក្នុងការពង្រឹងកិច្ចសហការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។ លោកជំទាវ សង្ឃឹមថានៅពេល ខាងមុខនេះ អាចនឹងមានការរៀបចំទស្សនកិច្ចផ្លូវការ កម្រិតបច្ចេកទេស និងកម្រិតនយោបាយ ដើម្បីចែករំលែកបទពិសោធន៍រវាងកម្ពុជា និងសិង្ហបុរី លើវិស័យសំខាន់ៗនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះវត្តមានរបស់លោកជំទាវឯកអគ្គរដ្ឋទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនពីកិច្ចសហការល្អនិងការគាំទ្រគ្នានាពេលកន្លងមក។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីចក្ខុវិស័យរបស់ក្រសួងក្នុងការត្រៀមខ្លួនលើការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល នាពេលខាងមុខ។
ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវឯកអគ្គរដ្ឋទូតបានឯកភាពគ្នាបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការជាពិសេស លើការបណ្តុះបណ្តាលធនធានមនុស្ស និងមន្ត្រីរាជការ រវាងស្ថាប័នអប់រំរបស់សិង្ហបុរី និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ព្រមទាំងជំរុញឱ្យមានការវិនិយោគ និងការចែករំលែកបទពិសោធន៍អំពីធុរកិច្ចថ្មីឌីជីថលនៅសិង្ហបុរី ជាមួយកម្ពុជាផងដែរ។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរលោកជំទាវឯកអគ្គរដ្ឋទូត ទទួលបាននូវជោគជ័យ ក្នុងការបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា។