ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council)

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយលោកអនុប្រធានជាន់ខ្ពស់ Michael W. Michalak អមដោយប្រតិភូតំណាងមកមកពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងតំណាងក្រុមហ៊ុនអាមេរិកល្បីៗដែលរួមមានដូចជា៖ Amazon Web Service (AWS), Meta, Visa, Ford, RMA Group, ConocoPhillips, Pernod Ricard, Philip Morris និង Roche នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ជំនួបពិភាក្សានេះ មានគោលដៅសំខាន់ដើម្បីស្វែងយល់អំពីកាលានុវត្តភាព និងគោលនយោបាយអាទិភាពរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងជំរុញឱ្យក្រុមហ៊ុនអាមេរិកចូលមកដាក់ទុនវិនិយោគលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងប្រៃសណីយ៍នៅកម្ពុជា។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងថ្លែងអំណរយ៉ាងជ្រាលជ្រៅដល់កិច្ចសហការកន្លងមក។ ឯកឧត្តម បានលើកឡើងពីវឌ្ឍនភាពការងាររបស់ក្រសួងក្នុងរយៈពេលជាងមួយឆ្នាំក្រោយនេះដែលរួមមាន ការរៀបចំគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ការលើកកម្ពស់គុណភាពសេវា ការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង ដែលសុទ្ធសឹងជាធាតុផ្សំសំខាន់ៗក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ពីឱកាសវិនិយោគនៅកម្ពុជាសម្រាប់អាមេរិក ជាពិសេសលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ស្របតាមផែនការអាទិភាពចែងក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថល និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល។ លោក Michael W. Michalak បានកោតសរសើរដល់កម្ពុជាលើជោគជ័យក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដូចជាការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២នេះ។

លោក Michael W. Michalak ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សម្រេចបាន ក្នុងរយៈពេលចុងក្រោយនេះ ព្រមទាំងសម្តែងនូវឆន្ទៈក្នុងការសហការជាមួយក្រសួងតាមរយៈការផ្ដល់ធាតុចូលលើសេចក្តីព្រាងច្បាប់ និងកម្មវិធីពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាឌីជីថល និងសន្តិសុខសាយប័រ និងជំរុញក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកក្នុងការចាប់យកឱកាសវិនិយោគនៅកម្ពុជា។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”