ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៃព្រះរាជាណាចក្រថៃ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលនៃព្រះរាជាណាចក្រថៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម Chaiwut Thanakamanusorn រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមកិច្ចឌីជីថលនៃព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពី ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា តំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីរាជការនៃក្រសួងទាំងពីរផងដែរ។
អនុស្សរណៈនៃការយោគយល់នេះ មានទិសដៅសំខាន់ពង្រឹងទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ ជាពិសេសរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាឆ្លងដែន ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋរបស់ប្រទេសទាំងពីរ។ ភាគីទាំងពីរបានបញ្ជាក់ពីជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឱ្យទំនាក់ទនងដែលមានស្រាប់កាន់តែរឹងមាំ និងលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានរវាងគ្នាទៅវិញទៅមករវាងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការរួមគ្នាដោះស្រាយការឆបោកតាមប្រព័ន្ធអនឡាញ។