ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌចំនួន ២វេន
ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌចំនួន ២វេន នៅវត្តពិភទ្ទរង្សី (ហៅវត្តចិនដំដែកខាងជើង)វេនទី៧ និងវត្តព្រះពុទ្ធឃោសាចារ្យ(ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ បាននាំយកនូវទេយ្យវត្ថុផ្សេងៗ មានគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ព្រមទាំងបច្ច័យកសាងវត្ត និងថវិកាមួយចំនួនប្រគេនព្រះសង្ឃបង្សុកូល និងឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន ដែលបានទទួលមរណភាពមាន មាតា បិតា ជីដូនជីតា យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ សូមបានទទួលនូវមគ្គផលកុសលផលបុណ្យនេះ និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធអស់លោកទាំងអស់បានឈោងឆាប់កំណើតទៅកាន់ទីឋានបរមសុខ ហើយបែរក្រោយឱ្យពរជ័យដល់យើងខ្ញុំទាំងអស់ទទួលបាននូវពរជ័យទាំង៥ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបជូនថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរជាពុទ្ធសាសនិកជនប្រារព្ធឡើងក្នុងគោលបំណង ដើម្បីរៀបចំសង្ឃភត្តទំនុកបម្រុងដល់ព្រះសង្ឃក្នុងរដូវវស្សា ពីព្រោះរដូវនេះមានភ្លៀងធ្លាក់បង្កឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រ។ នៅក្នុងឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។