ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីវៀតណាមដែលតែងតែគាំទ្រដល់កម្ពុជានាពេលកន្លងមក។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត អំពីសមិទ្ធផលការងារសំខាន់នៃក្រសួងដែលសម្រេចបាននៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលរួមមាន៖ ការកសាងសមត្ថភាព ការរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការងារកំណែទម្រង់របស់ក្រសួងផងដែរ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះសមិទ្ធផលស្នាដៃរបស់ក្រសួង ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី និងបានបង្ហាញគោលជំហរនៅក្នុងការបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសលើវិស័យទូរគមនាគមន៍ និងសន្តិសុខសាយប័រ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគោរពអញ្ជើញ ឯកឧត្តមរដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅពេលខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការអញ្ជើញនេះ ហើយឯកឧត្តមរដ្ឋមន្ត្រី នឹងពិនិត្យលទ្ធភាពបំពេញទស្សនកិច្ចតបតាមសំណើនេះ ដើម្បីសិក្សាដកស្រង់បទពិសោធ និងឧត្តមានុវត្ត ពីប្រទេសក្នុងតំបន់ ក្នុងការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”