ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី SmartStart ULP National Hackathon 2023

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រ SmartStart ULP National Hackathon 2023។ កម្មវិធីនេះរៀបចំឡើងដោយក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh និងមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា និងជំនួយពីមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRD Fund)។

កម្មវិធី SmartStart (ULP) National Hackathon 2023 ជាកម្មវិធីហ្វឹកហាត់ និងប្រកួតប្រជែងគំនិតអាជីវកម្មរវាងសិស្សនិស្សិតមកពីសាកលវិទ្យាល័យដៃគូទាំង ១០ នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តស្វាយរៀង ដើម្បីបន្តពង្រឹងគុណភាព និងការអនុវត្តផ្ទាល់ ចូលរួមបង្ហាញគំនិតអាជីវកម្ម ដោះស្រាយបញ្ហានៅក្នុងសង្គមដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងគោលបំណងជំរុញកសាងសមត្ថភាព និងបង្កើនចំណេះដឹងផ្នែកសហគ្រិនភាព និងអាជីវកម្ម ជួយដល់សង្គមជាតិ និងក្លាយជាសហគ្រិននាពេលអនាគត។ កម្មវិធីនេះមានសិស្ស-និស្សិតចូលរួមជាច្រើនរយនាក់ និងមាន១០ក្រុមនិស្សិតចូលរួមប្រកួត ហើយក្រុមឈ្នះជ័យលាភីនឹងទទួលបានរង្វាន់លើកទឹកចិត្ត និងដំណើរទស្សនកិច្ចសិក្សាទៅក្រៅប្រទេសផងដែរ។

សូមជម្រាបជូនថា SmartStart Unipreneur Leaning Platform (ULP) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ និងបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាសាកលវិទ្យាល័យដៃគូចំនួន ១០ និងមានកម្មសិក្សាចំនួន ១,៣២៨នាក់ រួមជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដែលបានដាក់បញ្ចូលកម្មវិធីនេះសម្រាប់និស្សិតជំនាញបច្ចេកទេសឌីជីថល សំដៅបណ្តុះផ្នត់គំនិតអាជីវកម្ម និងសហគ្រិនភាព ស្របតាមយុទ្ធសាស្ត្រក្នុងការកសាងមូលធនមនុស្សឌីជីថល និងគោលដៅកសាងសមត្ថភាពនិងនវានុវត្តន៍ឌីជីថល របស់គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។

ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណរភ្ជាប់ https://t.me/mptcgovkh

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”