មន្ត្រីរាជការមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍គ្រប់ខេត្ត ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារពីវាគ្មិនជាថ្នាក់ដឹកនាំក្រសួង និងអ្នកជំនាញបច្ចេកវិទ្យាឌីជីថល​ (កំពង់ធំ)

ការបណ្តុះបណ្តាលពង្រឹងសមត្ថភាព (ខេត្តកំពង់ធំ)

អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យមានការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានណែនាំឱ្យរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ក្នុងគោលដៅអភិវឌ្ឍ និងបន្តពង្រឹងសមត្ថភាពមន្ត្រី ក.ប.ទ. លើ ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឌីជីថល រួមមានការផ្តល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលចាប់ពីជំនាញមូលដ្ឋានដល់ជំនាញឯកទេស និងការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលនិងចែករំលែកបទពិសោធការអនុការងារជាក់ស្តែង ជាដើម ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដល់មូលដ្ឋាន និងការរួមចំណែកដើម្បីអភិវឌ្ឍក្រសួង និងប្រទេសជាតិឱ្យរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះនាថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ក្រសួងបានរៀបចំកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (ជំហានទី២) ដែលជាសិក្ខាសាលាតំបន់ទី៣ នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង និងលោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសិក្ខាកាមចំនួន ៨៦ រូប ដែលជាមន្ដ្រីរាជការមកពីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ១២ខេត្ត។

កម្មវិធីបណ្ដុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១. បង្កើនចំណេះដឹងថ្មីៗពីបច្ចេកវិទ្យាឌីជីថល និងពង្រឹងសមត្ថភាពជំនាញ និងបទពិសោធពាក់ព័ន្ធវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃដល់មន្ត្រីរាជការមន្ទីរ ប.ទ. ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់។
២. ផ្សព្វផ្សាយអំពីគោលនយោបាយរដ្ឋាភិបាលឌីជីថល គោលនយោបាយប្រៃសណីយ៍ ច្បាប់ស្ដីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ។
៣. បង្កើតឱ្យមានយន្តការចែករំលែកបទពិសោធល្អៗ ដែលបានមកពីការអនុវត្តការងារ និងផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ។

ជាមួយគ្នានោះ លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានគូសបញ្ជាក់ថា សិក្ខាកាមទាំងអស់ដែលបានចូលរួម បានលើកជាសំណួរដែលមានការងឿងឆ្ងល់មិនច្បាស់ក្នុងការធ្វើបទបង្ហាញរបស់វាគ្មិន បានលើកជាសំណួរនិងបញ្ហាប្រឈមដើម្បីជូនវាគ្មិនបកស្រាយជូន ហើយវាគ្មិនបានបកស្រាយយ៉ាងក្បោះក្បាយផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង បានថ្លែងអំណរគុណដល់វាគ្មិនថ្នាក់ជាតិដែលបានចំណាយពេលដ៏មានតម្លៃក្នុងការមកចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ថ្មីៗពាក់ពន្ធ័នឹងការវិវត្តន៍នៃបច្ចេកវិទ្យា។ ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ទទួលយកចំណេះដឹងដែលទទួលបានការចែករំលែកពីថ្នាក់ជាតិនាពេលនេះ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពបន្ថែមទៀត សម្រាប់បំពេញតួនាទីភារកិច្ចក្នុងការអនុវត្តការងារប្រចាំថ្ងៃនៅតាមអង្គភាពរៀងៗខ្លួនឱ្យទទួលបាននូវលទ្ធផលល្អប្រសើរថែមទៀតប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវអភិវឌ្ឍសមត្ថភាពឱ្យស្របទៅតាមការវិវត្តបច្ចេកវិទ្យាទូរគមនាគមន៍ដែលមានការប្រែប្រួលឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។
សូមជម្រាបជូនថា កម្មវិធីបណ្តុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (ជំហានទី២) សម្រាប់មន្ទីរ ប.ទ. ទាំង ២៤ បាននិងកំពុងរៀបចំ ចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដែលធ្វើនៅ ៤ទីតាំង ដូចខាងក្រោម ៖
-ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣
-ខេត្តប៉ៃលិន៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣
-ខេត្តកំពង់ធំ៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣
-ខេត្តព្រះសីហនុ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh

អត្ថបទជាប់ទាក់ទង

  • សិង្ហបុរីគ្រោងបង្កើតច្បាប់ទប់ស្កាត់ប្រជាពលរដ្ឋក្នុងការទូទាត់ប្រាក់ទៅកាន់ជនឆបោក

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ