ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរបង្កេីត “មជ្ឈមណ្ឌលបរិវត្តកម្មឌីជីថលកម្ពុជា” ដំណាក់កាលទី១

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបង្កេីត “មជ្ឈមណ្ឌលបរិវត្តកម្មឌីជីថលកម្ពុជា” រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអង្គការ GIZ ប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានអង្គការ GIZ ប្រចាំកម្ពុជា វិស័យឯកជន ធុរកិច្ចថ្មី និងភាគីពាក់ព័ន្ធ។​

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ត្រូវបានដាក់ចេញដោយផ្តល់អាទិភាពលើការធ្វើបរិវត្តកម្ម និងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា ដូចបានកំណត់ក្នុងបញ្ចកោណទី៥។ កិច្ចព្រមព្រៀងនៅថ្ងៃនេះ ជាផ្នែកសំខាន់​មួយនៃការគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ជាពិសេស​កិច្ចការអាទិភាពក្នុងការកសាងរដ្ឋាភិបាលឌីជីថលនិងពលរដ្ឋឌីជីថល,​ ការបង្កើតធុរកិច្ចថ្មីឌីជីថល​ (Digital Startup), ការកសាងនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័នឌីជីថល, និងការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ដល់អង្គការ GIZ ក្នុងការចូលរួមអនុវត្តគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើបរិវត្តកម្មឌីជីថល ជាពិសេសការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។

អត្ថបទជាប់ទាក់ទង