ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ស្ថានីយអង់តែនទូរសព្ទចល័តបន្ថែមចំនួន ១៧០ ទីតាំង នៅទូទាំងខេត្តតាកែវ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ស្ថានីយអង់តែនទូរសព្ទចល័តបន្ថែមចំនួន ១៧០ ទីតាំង នៅទូទាំងខេត្តតាកែវ ដោយមានការចូលរួមដោយឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការរបស់អង្គភាពចំណុះ ក.ប.ទ. ឯកឧត្តម អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និយ័តករទូរគមនាគមន៍កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋប្រមាណ​ ១២០០នាក់​ នៅវត្តពោធិសួស្តី ស្ថិតនៅភូមិក្រចាប់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។

ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងបញ្ចកោណទី៥ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកបច្ចេកវិទ្យាឌីជីថលជាកតាលីករថ្មីដ៏មានសារៈសំខាន់ ដែលមានសក្ដានុពលភាព និងកាលានុវត្តភាពក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាប្រសិទ្ធភាពការងាររដ្ឋបាល។ បច្ចេកវិទ្យា​ឌីជីថលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់សម្រាប់ឆ្លើយតបទៅនឹងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងនូវការកោតសរសើរនិងការវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងជួយសម្របសម្រួលលើការងារសាងសង់បង្គោលអង់តែនបន្ថែម រហូតឈានដល់ការបញ្ចុះបឋមសិលាក្នុងថ្ងៃនេះ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី មានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ការបន្តជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅក្នុងខេត្តតាកែវ និងទៅកាន់គ្រប់ទិសទីទូទាំងប្រទេសកម្ពុជា​ និងទទួលបានលទ្ធផលកាន់តែប្រសេីរនៅឆ្នាំ២០២៤​ ដើម្បីឆ្លើយតបទៅនឹងកំណើនដ៏ខ្លាំងក្លានៃតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាអ៊ីនធឺណិត ជាពិសេសអ៊ីនធឺណិតតាមទូរសព្ទចល័ត។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”