សិក្ខាកាមចំនួន ៣៩៧នាក់ បានបញ្ចប់វគ្គសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ជំហានទី៣ ឆ្នាំ២០២៤

នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាទូទាំងប្រទេសស្តីពី ការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ជំហានទី៣ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោក លោកស្រី ជាវាគ្មិន និងសិក្ខាកាមជាមន្ត្រីរាជការមកពីបណ្តាមន្ទីរ ប.ទ.ខេត្តទាំង ២៤ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) ផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ (២) បង្កើនសមត្ថភាពជំនាញវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដល់មន្ត្រីរាជការមន្ទីរប.ទ. ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់រួមទាំងផ្សព្វផ្សាយអំពីច្បាប់ គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត ដើម្បីងាយស្រួលដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ ពិសេសគុណភាពសេវាទូរគមនាគមន៍ និង (៣) ផ្តល់ចំណេះដឹងព័ត៌មានថ្មីៗ និងបទពិសោធពាក់ព័ន្ធវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃ ដើម្បីធ្វើឱ្យមន្រ្តីមានសមត្ថភាព បំពេញការងារតាមបរិបទថ្មីប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស័ក្តិសិទ្ធភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីរាជការនៅតាមមន្ទីរខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ផ្ដល់សេវាសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយមនសិកាវិជ្ជាជីវៈខ្ពស់ និងត្រូវធ្វើខ្លួនជាអ្នកបម្រើដ៏ល្អរបស់ប្រជាពលរដ្ឋ ចូលរួម និងយកចិត្តទុកដាក់គ្រប់គ្រងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន។ បន្ថែមពីនេះទៀត សិក្ខាកាមទាំងអស់ត្រូវខិតខំបន្តអភិវឌ្ឍនិងពង្រឹងសមត្ថភាព ពង្រីកចំណេះដឹងជាប់ជាប្រចាំ ក្រៅពីការទទួលបានការបណ្ដុះបណ្ដាលឬសិក្ខាសាលា មន្ត្រីរាជការថ្នាក់មន្ទីរ ត្រូវឆ្លៀតពេលស័្វយសិក្សា តាមរយៈការអាន ឬសិក្សាតាមអនឡាញ ដើម្បីធ្វើយ៉ាងណាតាមទាន់ការវិវត្តន៍នៃបច្ចេកវិទ្យា ពិសេសធ្វើបច្ចុប្បន្នភាព តាមដានព័ត៌មាន និងចំណេះដឹងតាមរយៈឆាណែលតេលេក្រាមរបស់ក្រសួង។

សូមជម្រាបជូនថា សិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (ជំហានទី៣) សម្រាប់មន្ទីរ ប.ទ. ទាំង២៤ បានរៀបចំ ចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលធ្វើនៅ ៤ទីតាំង ដូចខាងក្រោម ៖

-ខេត្តមណ្ឌលគិរី៖ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ មានសិក្ខាកាមចូលរួម ៨០នាក់

-ខេត្តស្វាយរៀង៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ មានសិក្ខាកាមចូលរួម ៧១នាក់

-ខេត្តពោធិ៍សាត់៖ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មានសិក្ខាកាមចូលរួម ៨២នាក់

-រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ មានសិក្ខាកាមចូលរួម ១២៥នាក់។

#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • សេចក្តីជូនដំណឹង ស្តីពី កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”