ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញចូលរួមជាវាគ្មិននៅក្នុង វេទិកា “កិច្ចសន្ទនាថ្នាក់តំបន់៖ ការចែករំលែកឧត្តមានុវត្តលើការលើកកម្ពស់សិទ្ធិមនុស្សក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ សាន់ អែន មូន រីវើសាយ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងវេទិកា “កិច្ចសន្ទនាថ្នាក់តំបន់៖ ការចែករំលែកឧត្តមានុវត្តលើការលើកកម្ពស់សិទ្ធិមនុស្សក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន (Regional Dialogue: Sharing Good Practices on Enhancing Human Rights during the Covid-19 Pandemic in ASEAN)” ក្រោមប្រធានបទ “ការចែករំលែកឧត្តមានុវត្ត និងបញ្ហាប្រឈមពាក់ព័ន្ធនឹងសិទ្ធិទទួលព័ត៌មាននិងសិទ្ធិឯកជនភាពកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ (Sharing of Good Practices and Challenges on Access to Information and Rights to Privacy during Covid-19 Pandemic)” ដោយមានការអញ្ជើញចូលរួមពីបណ្តាតំណាងប្រទេសជាសមាជិកអាស៊ាន អង្គការអន្តរជាតិ សាស្ត្រាចារ្យ និងមន្ត្រីជំនាញពីក្រសួង-ស្ថាប័នពាក់ព័ន្ធនៃព្រះរាជាណចក្រកម្ពុជា ជាច្រើនកុះករ។
វេទិកានេះជាវេទិកាកម្រិតអាស៊ាន ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្សនៃព្រះរាជាណាចក្រកម្ពុជា (ASEAN Intergovernmental Commission on Human Rights of Cambodia-AICHR Cambodia) និង មូលនិធិសហប្រតិបត្តិការអាស៊ាន-ចិន (ASEAN-China Cooperation Fund-ACCF) ក្នុងគោលបំណងបង្កើតជាវេទិកាសន្ទនា កិច្ចពិភាក្សា ដើម្បីចែករំលែកបទពិសោធរបស់ប្រទេសជាសមាជិកអាស៊ានពាក់ព័ន្ធនឹងឧត្តមានុវត្តនៃការគោរពសិទ្ធិមនុស្ស និងយន្តការដោះស្រាយបញ្ហាប្រឈមនានា ក្នុងន័យបង្ការនិងការពារការរំលោភសិទ្ធិមនុស្សក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីលើកកម្ពស់កិច្ចសហការក្នុងតំបន់នាពេលអនាគត។
ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានធ្វើបទបង្ហាញ ដោយរំលេចអំពីការខិតខំប្រឹងប្រែងនិងសមិទ្ធផលរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការការពារសិទ្ធិឯកជនភាពផ្នែកឌីជីថលរបស់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកអំពីការរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ និងជាពិសេសសេចក្ដីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល ដែលមានសារៈសំខាន់ក្នុងការបង្កើនប្រសិទ្ធិភាពនៃការការពារសិទ្ធិឯកជនភាព និងជាមូលដ្ឋានគ្រឹះក្នុងការកំណត់ពីការធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គលប្រកបដោយភាពត្រឹមត្រូវ។