នាពេលរសៀលនេះ ក្រសួងបន្តធ្វើបទអន្តរាគមន៍ចំនួន ២ ក្រោមប្រធានបទទី២ “ការងារវិស័យប្រៃសណីយ៍” នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីពិធីបើកសន្និបាត និងការធ្វើបទអន្តរាគមន៍ពាក់ព័ន្ធនឹងការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច អង្គសន្និបាតបានបន្តរៀបចំវេទិកាពិភាក្សាលើប្រធានបទទី២ ស្តីពី “ការងារវិស័យប្រៃសណីយ៍” ដែលវេទិកានេះ សម្របសម្រួលដោយ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការ ក.ប.ទ. ដោយក្នុងនោះមានបទអន្តរាគមន៍ចំនួន ២ ត្រូវបានលើកយកមកពិភាក្សារួមគ្នា ដូចខាងក្រោម៖

– បទអន្តរាគមន៍ស្តីពី “ការគ្រប់គ្រងការផ្តល់សេវាប្រៃសណីយ៍” ដោយ ឯកឧត្តម ហ៊ន ធារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានប្រៃសណីយ៍

– បទអន្តរាគមន៍ស្តីពី “ការធ្វើពិពិធកម្មអាជីវកម្មប្រៃសណីយ៍កម្ពុជា” ដោយ លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា

បទអន្តរាគមន៍ទាំង២ ខាងលើនេះ រំលេចអំពីសមិទ្ធផលសំខាន់ៗដែល ក.ប.ទ. សម្រេចបានក្នុងរយៈពេល ៥ឆ្នាំ លើការងារវិស័យប្រៃសណីយ៍ ដែលក្នុងនោះមានដូចជា (១)ការកសាងគោលនយោបាយ និងបទដ្ឋានគតិយុត្ត (២)ការធ្វើនិយ័តកម្មប្រៃសណីយ៍ និងការការពារអ្នកប្រើប្រាស់ (៣)ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងឌីជីថល (៤)ការសហការរចនាតែមប្រិ៍ប្រៃសណីយ៍ (៥)ការរៀបចំព្រឹត្តិការណ៍ប្រៃសណីយ៍ និងការចូលរួមប្រជុំពាក់ព័ន្ធ (៦)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ (៧)​ការធ្វើបរិវត្តកម្មឌីជីថលក្នុងដំណើរការអាជីវកម្ម (៨)ការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាប្រៃសណីយ៍ (៩)ការធ្វើពិពិធកម្មអាជីវកម្ម និង(១០)ការធ្វើកំណែទម្រង់ការគ្រប់គ្រង។

គូសបញ្ជាក់ផងដែរថា វិស័យប្រៃសណីយ៍​ (Post) ត្រូវបានចាត់ទុកថាមានសក្តានុពលក្នុងការចូលរួមចំណែកទ្រទ្រង់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ដោយវិស័យនេះនឹងបង្កើតបានហេដ្ឋារចនាសម្ព័ន្ធចាំបាច់​ដែលជួយសម្រួលដល់ដំណើរប្រព្រឹត្តិទៅក្នុងផ្នែក សង្គម-សេដ្ឋកិច្ច។​ ក្នុងបរិការណ៍នេះ ក.ប.ទ. ដែលទទួលបន្ទុកជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំ​​ សម្របសម្រួល គ្រប់គ្រង និងអភិវឌ្ឍវិស័យប្រៃសណីយ៍ ​បានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនលើការរៀបចំគោលនយោបាយ ផែនការសកម្មភាព​ លិខិតបទដ្ឋានគតិយុត្ត ការពង្រឹងកិច្ចសហការជាមួយបណ្តាភាគីពាក់ព័ន្ធ ការធ្វើនិយ័តកម្ម លើវិស័យប្រៃសណីយ៍​ និងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល​សម្រាប់បម្រើសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់សេវា ប្រៃសណីយ៍ និងឆ្លើយតបទៅនឹងតម្រូវការនិងការវិវឌ្ឍន៍នៃសេដ្ឋកិច្ចឌីជីថល។