







រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាលើកទី២ ស្ដីពី “ការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” ក្រោមប្រធានបទ “កិច្ចពិភាក្សានៃសហគមន៍អ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិត” ដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញសិប្បនិម្មិត” បញ្ជ្រាបការយល់ដឹង និងប្រមូលធាតុចូលបន្ថែមពីសហគមន៍អ្នកបច្ចេកទេសនិងគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីធ្វើឱ្យឯកសារនេះ មានភាពគ្រប់ជ្រុងជ្រាយ និងស្របតាមឧត្តមានុវត្តន៍របស់អាស៊ាននិងអន្តរជាតិ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពីតំណាងនិងអ្នកជំនាញអញ្ជើញមកពីក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំនិងស្រាវជ្រាវ អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណ ១៥០ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងអំពីសមិទ្ធផលរបស់ ក.ប.ទ. ក្នុងការចូលរួមធ្វើបរិវត្តកម្មឌីជីថល និងអភិវឌ្ឍសេដកិច្ចនិងសង្គមឌីជីថល ព្រមទាំងលើកកម្ពស់ការស្រាវជ្រាវនិងការប្រើប្រាស់បច្ចេកវិទ្យាឈានមុខថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ បន្ថែមលើនេះ សិក្ខាសាលាក៏មានការចូលរួមធ្វើបទបង្ហាញពីក្រុមការងារជំនាញ ក.ប.ទ. លើប្រធានបទសំខាន់ៗ រួមមាន៖ (១) សាវតានិងវឌ្ឍនភាពការស្រាវជ្រាវបញ្ញាសិប្បនិម្មិតនៅកម្ពុជា (២) ការអភិវឌ្ឍ TranslateKH (៣) ការអភិវឌ្ឍ Khmer Braille Translator (៤) ទស្សនៈមួយចំនួនពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍ Khmer LLM និង (៥) កិច្ចពិភាក្សា ទិន្នន័យនិងសំណុំធនធានបច្ចេកទេសដើម្បីជំរុញការអភិវឌ្ឍបញ្ញាសិប្បនិម្មិតនៅកម្ពុជា។

