រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងលោកជំទាវ សុខ លី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បរិច្ចាគថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដោយមានការអញ្ជើញចូលរួមប្រគល់ និងទទួលពីសំណាក់ឯកឧត្តម សារុន រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។
ការឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជានេះ គឺដើម្បីចូលរួមចំណែកជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងចូលរួមចំណែកសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ការលំបាករបស់ប្រជាពលរដ្ឋ ជនក្រីក្រ ចាស់ជរា ជនគ្មានទីពឹង និងជនងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា។







