ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្ដម សៀក ឡេង តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបប្រជុំទ្វេភាគីជាមួយតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្ដម សៀក ឡេង អនុរដ្ឋលេខាធិការ ដើម្បីពិភាក្សាលើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត។

បន្ទាប់ពីបទបង្ហាញរបស់ក្រុមការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ស្ដីពីមូលហេតុ សាវតារ និងខ្លឹមសារសេចក្ដីព្រាង តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចែករំលែកអំពីវឌ្ឍនភាពវិធានការគោលនយោបាយសំខាន់ៗក្នុងវិស័យកសិកម្ម និងគូសរំលេចសក្ដានុពលនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យកសិកម្ម។ ឯកឧត្ដមអនុរដ្ឋលេខាធិការបានជម្រាបពីការគាំទ្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ហាសិប្បនិម្មិតដែលរៀបចំដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

តំណាងក្រសួងទាំងពីរបានពិភាក្សាផ្លាស់ប្ដូរយោបល់ជាច្រើនចំណុច ដែលនឹងក្លាយជាធាតុចូលដ៏មានសារៈសំខាន់ក្នុងការកែសម្រួលសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិតនេះឱ្យក្លាយទៅជាឯកសារកម្រិតជាតិមួយយ៉ាងពិតប្រាកដ។