ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និង ឯកឧត្តមរដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៤១,៤០គ.ម និងបើកការដ្ឋានសាងសង់ផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៣៦គ.ម នៅក្នុងខេត្តតាកែវ

ខេត្តតាកែវ៖ ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៤១,៤០គ.ម និងបើកការដ្ឋានសាងសង់ផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៣៦គ.ម នៅក្នុងខេត្តតាកែវ ដែលជាគម្រោងវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅបង្កើនការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ។ ពិធីនេះមានការអញ្ជើញចូលរួមពី តំណាងក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និង ប្រជាពលរដ្ឋ សរុបប្រមាណ ១,០០០នាក់ ស្ថិតនៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។

ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងបើកការដ្ឋានស្ថាបនាផ្លូវជនបទនាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតនៅក្នុងខេត្តតាកែវ ដែលបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការកាសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោធិបតី នាយករដ្ឋមន្រ្តី ជាប្រមុខ ក្នុងការការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ ប្រឆាំងការឈ្លានពានពីសំណាក់កងទ័ពថៃ ព្រមទាំងចូលរួមតាមលទ្ធភាពរៀងៗខ្លួនដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនជនភៀសសឹក។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia