ឯកឧត្តមអនុរដ្ឋលេខាធិការ ទូច យ៉ារ៉ាន់ឌី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីថ្នាលសហការកិច្ចការរដ្ឋបាល ជាមួយក្រសួងទេសចរណ៍

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ បានដឹកនាំក្រុមការងារបរិវត្តកម្មឌីជីថលក្រសួង ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយឯកឧត្តម នាង ម៉ៅ រដ្ឋលេខាធិការក្រសួងទេសចរណ៍ អំពីថ្នាលសហការកិច្ចការរដ្ឋបាល នៅទីស្តីការក្រសួងទេសចរណ៍។

ជំនួបពិភាក្សានេះ ក្នុងគោលបំណងដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងរដ្ឋបាលសាធារណៈ ដែលរួមមាន ផែនការដាក់ឱ្យប្រើប្រាស់ថ្នាលសហការកិច្ចការរដ្ឋបាល ដើម្បីជំនួសឱ្យការធ្វើការងារតាមបែបប្រពៃណី ឬក្រដាសស្នាម មកជាបែបឌីជីថលវិញ ដែលមានភាពរហ័ស និងមានសុវត្ថិភាពខ្ពស់ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ធានាថាការអនុវត្តការងារក្នុងក្រសួង ដើរស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាល។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia