ឯកឧត្តមរដ្ឋលេខាធិការ គង់ ផល្លៈ បានដឹកនាំគណៈប្រតិភូ ក.ប.ទ. ចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេស ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូ ក.ប.ទ. ចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេស ជាមួយតំណាងក្រសួងយុត្តិធម៌ ដឹកនាំដោយ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ នៅទីស្តីការក្រសួងយុត្តិធម៌។

កិច្ចប្រជុំនេះ បានពិភាក្សាលើជំពូកស្តីពីអធិការកិច្ច ជំពូកស្តីពីទោសប្បញ្ញត្តិ ព្រមទាំងពិនិត្យស្វែងយល់លើបទប្បញ្ញត្តិផ្សេងៗ ដែលតំណាងក្រសួងយុត្តិធម៌បានស្នើសុំការបំភ្លឺបន្ថែម ដោយជាការឆ្លើយតប ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការ បានធ្វើការបកស្រាយ និងពន្យល់យ៉ាងក្បោះក្បាយលើរាល់ចំណុចទាំងនោះ ដើម្បីធានាឱ្យសេចក្តីព្រាងច្បាប់នេះមានភាពរឹងមាំ គ្រប់ជ្រុងជ្រោយ និងស្របតាមគោលការណ៍ច្បាប់ជាធរមាន។

ជាលទ្ធផល អង្គប្រជុំបានឯកភាព ក្នុងការនាំយកអត្ថបទនៃសេចក្តីព្រាងច្បាប់នេះទៅកែសម្រួលបន្ថែម ដោយផ្អែកលើស្មារតីនៃកិច្ចពិភាក្សានាថ្ងៃនេះ ព្រមទាំងបានឯកភាពរៀបចំកិច្ចប្រជុំម្តងទៀត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia