ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានដឹកនាំប្រតិភូអញ្ជើញចូលរួមកម្មវិធី Plug and Play APAC Summit និង SWITCH 2026

ប្រទេសសិង្ហបុរី៖ នៅថ្ងៃទី២៧-៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូក្រសួង និងធុរកិច្ចឌីជីថលកម្ពុជា ចូលរួមក្នុង Plug and Play APAC Summit និង Singapore Week of Innovation and Technology (SWITCH) 2026 នៅប្រទេសសិង្ហបុរី ដែលជាវេទិកាប្រមូលផ្តុំវិនិយោគិន និងធុរកិច្ចថ្មីឌីជីថលពីតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីជំរុញការតភ្ជាប់ការវិនិយោគ បង្កើតភាពជាដៃគូ និងបង្ហាញសក្ដានុពលនៃនវានុវត្តន៍ក្នុងតំបន់។

នាឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាពិភាក្សាលើប្រធានបទ “Beyond Funding: How Governments Can Become Global Growth Partners” ដោយបានចែករំលែកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ ក.ប.ទ. ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថលកម្ពុជា ដោយតភ្ជាប់ធុរកិច្ចថ្មីឌីជីថលកម្ពុជាជាមួយអ្នកជំនាញអន្តរជាតិ វិនិយោគិន និងការពង្រីកអាជីវកម្មទៅក្នុងទីផ្សារក្នុងតំបន់ និងសកលលោក តាមរយៈកិច្ចសហការជាមួយ Plug and Play។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃតួនាទីរបស់រាជរដ្ឋាភិបាល ដែលជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុ និងដៃគូយុទ្ធសាស្ត្រក្នុងការបង្កើតបរិយាកាសអំណោយផល សម្របសម្រួលការតភ្ជាប់ជាមួយដៃគូអន្តរជាតិ និងបើកឱកាសឱ្យធុរកិច្ចថ្មីឌីជីថលអាចចូលទៅកាន់ទីផ្សារថ្មីៗ។

ទន្ទឹមនឹងនេះ ធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន ៦ ក៏ទទួលបានឱកាសធ្វើបទបង្ហាញអំពីផលិតផល សេវាកម្ម និងដំណោះស្រាយឌីជីថលរបស់ខ្លួនទៅកាន់វិនិយោគិន និងដៃគូអាជីវកម្មអន្តរជាតិ ដើម្បីបង្ហាញសក្តានុពលនវានុវត្តន៍របស់កម្ពុជា ស្វែងរកឱកាសវិនិយោគ និងពង្រីកបណ្តាញទំនាក់ទំនងអាជីវកម្មនៅក្នុងតំបន់ផងដែរ។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia