ឯកឧត្តមរដ្ឋមន្រ្តី ត្រាំ អ៊ីវតឹក ដឹកនាំគណៈប្រតិភូក្រសួង ប.ទ ទៅចូលរួមមហាសន្និបាតទូរស័ព្ទចល័តពិភពលោក និងកម្មវិធីថ្នាក់រដ្ឋមន្ត្រី នៅប្រទេសអេស្ប៉ាញ
តបតាមការអញ្ជើញរបស់សមាគម ជី អេស អ៊ឹម (GSM Association)នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឯកឧត្តម ត្រំា អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទៅចូលរួមមហាសន្និបាតទូរស័ព្ទចល័តពិភពលោក (GSMA Mobile World Congress) និងកម្មវិធីថ្នាក់រដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ។
មហាសន្និបាតនេះ នឹងមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំរដ្ឋាភិបាល និយ័តករ និងវិស័យ ឯកជនពាក់ព័ន្ធ ដើម្បីពិភាក្សាក៏ដូចជាចែករំលែកចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យាទូរស័ព្ទចល័តចុងក្រោយ ហើយព្រឹត្តិការណ៍នេះក៏មានរៀបចំជាសិក្ខាសាលា និងការតាំងពិព័ណ៌នានាទាក់ទងនឹងឧស្សាហកម្មទូរស័ព្ទចល័តផងដែរ។
ក្នុងឱកាសស្នាក់នៅនិងបំពេញការងារនៅប្រទេសអេស្ប៉ាញនេះ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ត្រូវបានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុនធំៗមួយចំនួនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការងារ និងស្វែងយល់ពីការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងបរិបទសាកលភាវូបនីយកម្មស្របតាមនិន្នាការសេដ្ឋកិច្ចឌីជីថល ៕