សិក្ខាសាលា “កិច្ចពិគ្រោះយោបល់ទៅលើសេចក្តីព្រាងអនុក្រឹត្យស្តីអំពីហត្ថលេខាឌីជីថល”
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធីបតីក្នុងសិក្ខាសាលា “កិច្ចពិគ្រោះយោបល់ទៅលើសេចក្តីព្រាងអនុក្រឹត្យស្តីអំពី ហត្ថលេខាឌីជីថល (Consultation Workshop on Draft Sub Decree on Digital Signature)” នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ សិក្ខាសាលាត្រូវបានរៀបចំឡើងដោយនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីមន្រ្តីជំនាញមកពីក្រសួង-ស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធធនាគារជាតិនៃកម្ពុជា សមាគមន៍ធនាគារនៃកម្ពុជា ធនាគារពាណិជ្ជ ប្រតិបត្តិករទូរគមនាគមន៍/អ៊ិនធឺណិត ក្រុមហ៊ុន e-Commerce ក្រុមហ៊ុន Payment Gateway និងបុគ្គលពាក់ព័ន្ធផ្សេងទៀតប្រមាណសរុបទាំងអស់ជិត ១៥០រូប ។
ជាកិច្ចចាប់ផ្តើមសិក្ខាសាលា ឯកឧត្តម កាន ច័ន្ទមេត្តា បានរៀបរាប់អំពីសវតានៃការតាក់តែងសេចក្តីព្រាងអនុក្រឹត្យ នេះឡើង ហើយនឹងសារៈសំខាន់នៃការប្រើប្រាស់ Digital Signature នៅលើអនឡាញ។ ជាកិច្ចបន្តដើម្បីឲ្យអ្នក ចូលរួមកាន់តែមានភាពជ្រួតជ្រាបកាន់តែច្បាស់អំពីផលប្រយោជន៍នៃការប្រើប្រាស់ហត្ថលេខាឌីជីថល (Digital Signature) លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានលើកយកទស្សនាទាននៃការប្រើប្រាស់ Digital Signature ការគ្រប់គ្រង និងមុខងាររបស់ស្ថាប័នពាក់ព័ន្ធ៕
កិច្ចពិគ្រោះយោបល់បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយលទ្ធផលល្អប្រសើរ និងបានបញ្ចប់ទៅនាវេលាម៉ោង ១១:១៥ នាថ្ងៃខែឆ្នាំដដែល៕