ឯកឧត្តម ប៊ិន ឈិន បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៧ (TELMIN-17)
ខេត្តសៀមរាប៖ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៧ (TELMIN-17) ក្រោមប្រធានបទ “សន្ធិភាព និងកម្មញ្ញភាពវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន៖ ឆ្ពោះទៅសហគមន៍មួយដែលត្រូវបានធ្វើសមាហរណកម្មឌីជីថល” ដែលព្រះរាជាណាចក្រកម្ពុជាជាម្ចាស់ផ្ទះ និងស្របពេលការប្រារព ខួបទី៥០ឆ្នាំ នៃការបង្កើតអាស៊ាន។ គោលបំណងនៃកិច្ចប្រជុំនេះ គឺឆ្ពោះទៅពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានឱ្យកាន់តែស៊ីជម្រៅរវាងបណ្តារដ្ឋសមាជិកអាស៊ាន រដ្ឋជាដៃគូសន្ទនា និងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។
នៅក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងសុន្ទរកថាផ្តល់នូវសារគន្លឹះស្ដីពីការអភិវឌ្ឍ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន តាមរយៈការខិតខំប្រឹងប្រែងរបស់បណ្តារដ្ឋជាសមាជិក ដើម្បីសម្រេចបាននូវអាទិភាពផ្សេងៗរបស់អាស៊ាន ឆ្ពោះទៅកាន់ការសម្រេចបាននូវ “ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥”។
នាអំឡុងពេលនៃកិច្ចប្រជុំនេះ រដ្ឋមន្ត្រីអាស៊ានទាំងអស់នឹងផ្លាស់ប្តូរយោបល់គ្នាលើការអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងពិភាក្សាលើរបាយការណ៍របស់កិច្ចប្រជុំឧត្តមមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើវឌ្ឍនភាព និងសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានឆ្នាំ២០១៧ ដែលរួមមាន៖ អនុសាសន៍របស់កិច្ចប្រជុំឧត្តមមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន យុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ាន របាយការណ៍ស្តីពីសកម្មភាពរបស់ក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍អាស៊ាន ការអនុវត្តសកម្មភាពការងារនិងលទ្ធផលឆ្នាំ២០១៧ ការវាយតម្លៃសមិទ្ធផលនៃការអនុវត្តផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ានឆ្នាំ២០២០ និងគម្រោងថវិកាសម្រាប់ការអនុវត្តផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ានឆ្នាំ២០២០។
ជាងនេះទៅទៀត រដ្ឋមន្ត្រីទូរគមនាគមន៍អាស៊ាននឹងជួបពិភាក្សាផ្លាស់ប្តូរយោបល់គ្នាជាមួយនឹងរដ្ឋមន្ត្រីមកពីបណ្តារដ្ឋជាដៃគូសន្ទនា និងអគ្គលេខាធិការនៃសហភាពទូរគមនាគមន៍អន្តរជាតិ ស្តីពី«កិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន»៕